សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតហ្វីលីពីន ជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវ ម៉ារៀ អាមេលីតា ស៊ី អាគីណូ (Maria Amenlita C.Aquino) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ​នៅវិមាន​សន្តិភាព។

ក្នុងឱកាសនៃជំនួបនេះ លោកជំទាវ ម៉ារៀ អាមេលីតា ស៊ី អាគីណូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា​ក្នុង​ឱកាសដែល​លោក​ជំទាវ​បញ្ចប់អណត្តិការទូតនៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ។ ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ជនបរទេស ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជាដោយមិនគិតថ្លៃ និងមិនមានការរើសអើង។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានថ្លែងនូវការកោតសរសើរចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ព្រមទាំងការរួមចំណែកដ៏ធំធេងរបស់កម្ពុជា ក្នុងបេសកកម្មថែរក្សាសន្តិភាពពិភពលោក តាមរយ:ការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ផងដែរ។ ទន្ទឹមនឹងនោះ លោកជំទាវក៏បានជម្រាបជូន សម្តេចធិបតី ផងដែរអំពីការបំពេញបេសកកម្មការទូត និងការសម្រេចបាននូវសមិទ្ធផលជាច្រើននៅក្នុងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងអាណត្តិការទូតរបស់លោកជំទាវ ជាពិសេសវិស័យពាណិជ្ជកម្ម ការនាំចេញអង្ករពីកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន ការលើកកម្ពស់នៃការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការលើវិស័យដោះមីន ទេសចរណ៍ ក៏ដូចជាវិស័យការពារជាតិរវាងកងទ័ព និងកងទ័ព និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនៃប្រទេសកម្ពុជា-ហ្វីលីពីន ផងដែរ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ លោកជំទាវ ម៉ារៀ អ៊ែមើលីតា ស៊ី អាគីណូ និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ លោកជំទាវ ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន។ ពាក់ព័ន្ធទៅនឹងពាណិជ្ជកម្ម សម្ដេចធិបតី បានជំរុញនិងលើកទឹកចិត្តឱ្យមានការភ្ជាប់ទំនាក់ទំនងបន្ថែមទៀតរវាងវិស័យឯកជននិងធុរជន នៃប្រទេសទាំងពីរ។ ដោយឡែក ចំពោះ វិស័យទេសចរណ៍ សម្ដេចធិបតី សង្ឃឹមថា តាមរយៈជំនួបរបស់សម្ដេចជាមួយ ឯកឧត្តមប្រធានាធិបតីហ្វីលីពីន នាពេលកន្លងមក ការតភ្ជាប់លើវិស័យទេសចរណ៍នៃប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺការពង្រីកជើងហោះហើរផ្ទាល់ពីគោលដៅទេសចរណ៍ផ្សេងៗនៅក្នុងប្រទេសហ្វីលីពីនមកកាន់ព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។ បន្ថែមពីនេះ សម្តេចធិបតី សង្ឃឹមថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសរវាងកងទ័ពនៃប្រទេសទាំងពីរ នឹងកាន់តែត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែម តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ និងការបណ្ដុះបណ្ដាលធនធានមនុស្ស។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open