រកឃើញអ្នកឆ្លងជំងឺMpoxម្នាក់ទៀត ខណៈអ្នកឆ្លងសរុបនៅកម្ពុជាកើនដល់១២នាក់

ក្រសួងសុខាភិបាល បញ្ជាក់ថា យោងតាមលទ្ធផលទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ហាញថា មានករណីឆ្លងជំងឺអឹមផក(Mpox) ថ្មីមួយករណីបន្ថែមទៀត លើបុរសម្នាក់ ដែលមានទីលំនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នអ្នកជំងឺអឹមផកនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈចំនួនអ្នកឆ្លងជំងឺអឹមផកសរុបនៅកម្ពុជាកើនដល់ ១២នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

ជាការកត់សម្គាល់ថា និន្នាការនៃការចម្លងជំងឺអឹមផកនៅកម្ពុជាមានការកើនឡើង ស្របគ្នានិងនិន្នាការនៅសកលលោក។ តួលេខអ្នកឆ្លងជំងឺអឹមផកនៅទូទាំងពិភពលោកមានសរុបចំនួន ៩៣,០៣០នាក់ និងករណីស្លាប់ដោយសារជំងឺនេះមានចំនួន ១៧៦នាក់។ នេះបើយោងតាមការផ្សព្វផ្សាយរបស់អង្គការពិភពលោក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។

ក្រសួងបានអំពាវនាវ និងក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារដើម្បីបង្ការនូវការរីករាលដាលជំងឺអឹមផកជាចង្កោម ឬទ្រង់ទ្រាយធំជាយថាហេតុ ដោយចូលរួមស្វែងយល់នូវរបៀបចម្លង និងត្រូវអនុវត្តនូវវិធានការបង្ការយ៉ាងម៉ឺងម៉ាត់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds