Detail Top Banner – Loto

ត្រៀមខោអាវក្រាសៗ..! ខេត្តមណ្ឌលគិរី ធាតុអាកាសនឹងចុះត្រជាក់ដល់១៥°C ពីថ្ងៃ២០ ដល់២១ ខែមករា

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់២១ ខែមករា ឆ្នាំ២០២៤ ក្នុងនោះខេត្តមណ្ឌលគិរី ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៥-១៦°C ពីថ្ងៃ២០ ដល់២១ ខែមករា…។

ក្រសួងបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិននៅតែបន្តបង្កើនឥទ្ធិពលគ្របដណ្តប់មកលើភាគឦសាននិងភាគខាងជើងកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ១-តំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

២-តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី១៨-២៣°C សីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី ខេត្តមណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៨-២០°C ដោយឡែកនៅថ្ងៃទី២០-២១ ខែមករា ខេត្តមណ្ឌលគិរី សីតុណ្ហភាព អប្បបរមា ពី១៥-១៦°C។

៣-តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី រលកសមុទ្រមានកម្ពស់ពី០,៥០-១,២៥ម៉ែត្រ។

ជាមួយគ្នានេះដែរក្រសួងអំពាវនាវអោយប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រ ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមប្រុងប្រយ័ត្នថែរក្សាសុខភាព ចំពោះធាតុអាកាសត្រជាក់ ដោយស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕
អាចជារូបភាពនៃ ពពក និង អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds