Detail Top Banner – Loto

ភាគីបង្ក ដែលបើកឡានបុកស្លា.ប់មនុស្ស៣នាក់ នៅខេត្តស្វាយរៀង ផ្តល់សំណង៥ម៉ឺនដុល្លារ ដល់គ្រួសាររងគ្រោះ

ស្វាយរៀង៖ ក្រុមគ្រួសាររបស់ជនរងគ្រោះ៣នាក់ដែលស្លាប់ ដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយជនជាតិចិន នៅខេត្តស្វាយរៀង ទទួលបានសំណងពីភាគីបង្ក ចំនួន៥ម៉ឺនដុល្លារ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ និងយល់ព្រមដកពាក្យបណ្ដឹងឈប់ប្ដឹងផ្ដល់។

សូមជម្រាបថា កម្លាំងសមត្ថកិច្ចក្រុងបាវិតបានឃាត់ខ្លួនជនជាតិចិនចំនួន២នាក់ដែលបើកបររថយន្ត Lexus 570 ទៅបុកឪពុកនិងកូនស្លាប់ភ្លាមៗចំនួន៣នាក់ នាល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវក្រាលកៅស៊ូ (ផ្លូវតាព្រឹម) ស្ថិតនៅក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តម៉ាក Lexus 570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5833 បើកបរដោយឈ្មោះ WEN XIAOLONG អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរអាជីវករលក់ដូរក្នុងតំបន់កាស៊ីណូសៀងហៃ និងអ្នករួមដំណើរឈ្មោះ JI LINGEN អាយុ៣៤ឆ្នាំ ជនជាតិចិន មានទីលំនៅបច្ចុប្បន្នភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ប្រភពបានបន្តទៀតថា លុះមកដល់ចំណុចកើតហេតុខាងលើ ក៏រេចង្កូតមកខាងស្តាំបុកចំម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1L-8457 ពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូទាំង៣នាក់ឪពុកកូនស្លាប់យ៉ាងអាណោចអាធម។

ជនរងគ្រោះស្លាប់ទាំង៣នាក់រួមមានទី១.ឈ្មោះ សួស តាក់ច័ន្ទធីតា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃរំដួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកបរពីត្បូងទៅជើង គ្មានពាក់មួកសុវត្ថិភាព អ្នករួមដំណើរឈ្មោះ ខ្លា រ៉ាដែន អាយុ៧ឆ្នាំ ត្រូវជាកូន និងឈ្មោះ ខ្លា ចិត្រ្តា អាយុ២ឆ្នាំ មានទីលំនៅក្នុងភូមិមេសថ្ងក ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង ត្រូវជាកូនអ្នកបើកបរ។

បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដើម្បីវាស់វែងនិងស្រាវជ្រាវឃាត់ខ្លួនអ្នកបើកបររថយន្តយកមកអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់។ រីឯសាកសពសមត្ថកិច្ចបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ផងដែរថា បើទោះបីជនរងគ្រោះព្រមព្រៀងជាមួយភាគីបង្ក ដោយទទួលយកសំណង ហើយដកពាក្យបណ្ដឹងក៏ពិតមែននោះ ប៉ុន្ដែនីតិវិធីតាមផ្លូវតុលាការមិនត្រូវបានបញ្ចប់នោះទេ ពោលនៅតែដំណើរការតាមផ្លូវច្បាប់ដដែល៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds