Detail Top Banner – Loto

ក្រុមអ្នកសារព័ត៌មាន18 ស្ថាប័ន និងប្រតិភូក្រសួងបរិស្ថាន ចុះពិនិត្យនិងស្វែងយល់ការងារ​គ្រប់គ្រង​ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី

ភ្នំពេញ ៖ ក្រុមអ្នកសារព័ត៌មានក្នុងស្រុក​18ស្ថាប័នដឹកនាំឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួង បរិស្ថាន ចុះពិនិត្យនិងស្វែងយល់ការងារ​រៀប​​ចំគម្រោងរេដបូកនិងការគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមាស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ពីថ្ងៃទី ៣ ដល់ ថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២០ ។

គោលបំណងនៃដំណើរទស្សនកិច្ចចុះពិនិត្យនិងស្វែងយល់នេះគឺដើម្បីផ្តល់ឱកាសជូនគណៈប្រតិភូ និង ក្រុមអ្នកសារព័ត៌មានដើម្បីបានស្វែង​យល់​និង​ជួយលើកកម្ពស់ការយល់ដឹងសាធារណៈអំពី ការរៀប ចំនិងការអនុវត្តគម្រោងកែវសីមា រេដបូក, ការការពារនិងអភិរក្សធនធានជីវៈចម្រុះ និងកម្មវិធី លើកកម្ពស់ជីវភាពរស់នៅរបស់​ប្រជា​សហគមន៍​មូល​​ដ្ឋាន។

ក្នុងកំឡុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនឹងអញ្ជើញជួបជាមួយតំណាងមន្ទីរបរិស្ថានខេត្ត​មណ្ឌលគិរី នាយកដែនជម្រកសត្វព្រៃកែវសីមា មន្ត្រីឧទ្យានុរក្ស និងតំណាងអង្គការ WCS នៅឯស្នាក់ការ​ដែនជម្រក​សត្វព្រៃកែវសីមា ដើម្បីពិភាក្សាអំពីការអនុវត្តគម្រោងរេដបូក និងយន្តការពាក់ព័ន្ធនឹងការបែងចែកផល​ប្រយោជន៍ដល់់សហគមន៍។

បន្ទាប់មក គណៈប្រតិភូនឹងបន្តដំណើរទៅកាន់សហគមន៍តំបន់ការពារ​ធម្មជាតិស្រែព្រះស្ថិតក្នុងឃុំស្រែព្រះ ស្រុកកែវសីមា ជំរំសត្វទោចថ្ពាល់លឿងស្ថិតក្នុងភូមិអណ្តូងក្រឡឹង​និងរមណីយដ្ឋានទឹកធ្លាក់«លែងអង»និង«លែងឃិន»ស្ថិតក្នុងស្រុកអូររាំង ដើម្បីជួបសំណេះសំណាល​ជា​មួយសហគ្រាសសហគមន៍កែច្នៃឫស្សីរបស់សហគមន៍តំបន់ការពារធម្មជាតិស្រែព្រះ ក្រុមកសិករផលិត​ស្រូវមិត្តភាព​សង្គ្រោះសត្វព្រៃ (អាប៊ីស រ៉ាយស៍) ក្រុមសហគមន៍ទេសចរណ៍ធម្មជាតិ និងពិនិត្យមើល​សមិទ្ធិ​ផល​​មួយចំនួន​​ដែលសហគមន៍អនុវត្តនិងសម្រេចបានក្រោមគម្រោងរេដបូក ដូចជា ប្រព័ន្ធផ្គត់ផ្គង់​ទឹកស្អាតថ្នាក់ភូមិ រោងប្រជុំ​សហគមន៍ អណ្តូងស្នប់ និងស្ពានឆ្លងកាត់ភូមិ។

លោកស្រី Veena Reddy នាយកបេសកកម្មទី​ភ្នាក់ងារជំនួយអាមេរិក (USAID) ប្រចាំកម្ពុជា បានកត់​សម្គាល់ថា «ការអនុវត្តគម្រោងរេដបូកប្រកបដោយជោគជ័យនឹងផ្តល់អត្ថប្រយោជន៍រួមដល់សហគមន៍ ធម្មជាតិ និងសេដ្ឋកិច្ច។ គម្រោងនេះអាចជួយការពារនិងអភិរក្សប្រភេទសត្វសំខាន់ៗដែលជិតផុតពូជ ធនធានជីវៈចម្រុះ និងគម្របព្រៃឈើ។ វាក៏អាចជួយអភិរក្សវប្បធម៌នៅក្នុងតំបន់ផងដែរ។»

ឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានអោយដឹងថា «ក្នុងនាមក្រសួងបរិស្ថាន ខ្ញុំសូមថ្លែងអំណរគុណចំពោះ​អង្គការ​ដៃគូពាក់ព័ន្ធ​ទាំង​អស់ ជាពិសេស ទីភ្នាក់ងារជំនួយអាមេរិក USAID ដែលបានបន្តចូលរួមចំណែក​ការពារ​​និងអភិរក្សព្រៃឈើរបស់ព្រះរាជាណាចក្រកម្ពុជាឱ្យនៅគង់វង្ស ឈានដល់មានការលក់ឥណទាន​កាបូន​នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។

ការរួមចំណែករបស់ដៃគូទាំងអស់មិនត្រឹមតែបានផ្តល់​អត្ថប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋាន​ផងដែរតាមរយៈការបង្កើតតំបន់ទេសចរណ៍ធម្មជាតិ។

ក្រសួងបរិស្ថាន និងដៃគូទាំងអស់ ហើយក៏សូមថ្លែងអំណរគុណដល់មន្ត្រីឧទ្យានុរក្សរបស់យើងទាំងអស់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីចំពោះការប្តេជ្ញាចិត្តខ្ពស់របស់ខ្លួនក្នុង​ការអភិរក្សធនធានជីវៈចម្រុះនិងសត្វព្រៃនៅកម្ពុជាសម្រាប់មនុស្សជំនាន់ក្រោយរបស់យើង។​»

នាយកអង្គការ WCS ប្រចាំនៅកម្ពុជា លោក កែន សេរីរដ្ឋា

មានប្រសាសន៍ថា “ដោយមានការគាំទ្រ​ជា បន្តបន្ទាប់ពីម្ចាស់ជំនួយរបស់យើង អង្គការWCS​សម្រេចបានសមិទ្ធិផលការងារអភិរក្សយ៉ាងច្រើនគួរ​ឱ្យ កត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

យើងមានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះ ហើយយើងសូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរ​មូលដ្ឋាន ដែលធ្វើឱ្យយើងទាំងអស់គញនាអាច​សំរេចបាននូវគោលដៅរួមរយៈពេលវែង​របស់​យើង​ក្នុង​ការងារ​​អភិរក្សនិងអភិវឌ្ឍន៍សហគមន៍៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds