Detail Top Banner – Loto

រដ្ឋមន្រ្តីព័ត៌មាន ៖អ្នកសារព័ត៌មាន មិនមែនជាមន្រ្តីនគរបាលយុត្តិធម៍ ហើយអ្នកសារព័ត៌មាន មិនមែនជាតុលាការ នោះទេ

ភ្នំពេញ៖ ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាព អ្នកសារព័ត៌មានវគ្គទី៥ របស់សមាគមសម្ព័ន្ធ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អោយដឹងថា អ្នកសារព័ត៌មាន មិនមែនជាមន្រ្តីនគរបាលយុត្តិធម៍ មិនអាចទៅចាប់គេបាននោះទេ ហើយអ្នកសារព័ត៌មាន មិនមែនជាតុលាការ ដែលត្រូវកាត់ក្តីគេអោយខុស ឬត្រូវនោះទេ, អ្នកសារព័ត៌មាន មិនមែនមាន អធិបញ្ជា អាចបញ្ជាអ្នកនេះ អ្នកនោះបានទេ ។ 

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌនៃក្រសួងព័ត៌មាន បាននឹងកំពុងធ្វើកិច្ចការងារលើសន្តិសុខព័ត៌មាន ដែលសំដៅធានាបាននូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋគ្រប់ជ្រុងជ្រោយពីរឿងរ៉ាវកើតមានឡើង ។ ជាមួយនេះ គុណភាពព័ត៌មានដែលប្រជាពលរដ្ឋបានទទួលគឺជាព័ត៌មានដែលមានគុណភាព កើតចេញពីការពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មាន ក្នុងការសរសេរអត្ថបទព័ត៌មានផ្សេងៗ។ អ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីកន្លែងមួយទៅកន្លែងមួយ ប្រកបដោយប្រភពច្បាស់លាស់ បើសិនជាអ្នកសារព័ត៌មាន គ្មានប្រភពទេ គឺពិបាកសរសេរណាស់ មិនអាចសរសេរគ្រាន់តែឮគេថាបាននោះទេ ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើការលើកទឹកចិត្តដល់សមាគមសារព័ត៌មាន ឱ្យរៀបចំជាវគ្គបណ្តុះបណ្តាលសមត្ថភាពរបស់អ្នកសារព័ត៌មាន ដើម្បីត្រៀមខ្លួនសម្រាប់ការវិវឌ្ឍនៃប្រពន្ធ័ផ្សព្វផ្សាយនាពេលបច្ចុប្បន្ន ហើយនៅពេលខាងមុខ គុណភាពព័ត៌មានគឺជាចំណុចសំខាន់ក្នុងការប្រកួតប្រជែង ដូច្នេះអ្នកសារព័ត៌មានទាំងអស់ត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ តាមរយៈការទទួលបានវគ្គបណ្តុះបណ្តាលបន្តបន្ទាប់ ហើយក្រសួងព័ត៌មាន គាំទ្រចំពោះការបណ្តុះបណ្តាល ទន្ទឹមជាមួយក្រសួងបានបើកវគ្គបណ្តុះបណ្តាល បំពេញបន្ថែម។

ចំពោះសុវត្ថិភាពក្នុងការប្រើប្រាស់ព័ត៌មាន នៅក្នុងបរិបទឌីជីថលនេះ ព័ត៌មានពិត និងព័ត៌មានក្លែងក្លាយបាននៅលាយឡំគ្នា ដូច្នេះការផ្តល់ព័ត៌មានពិតត្រឹមត្រូវ ដែលមានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋប្រើប្រាស់គឺជាចំណុចសំខាន់ ដែលក្រសួងព័ត៌មាន បានគិតគួរ ហើយបានសហការជាមួយសមាគមសារព័ត៌មាន ដើម្បីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មានបានកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា សង្កត់ធ្ងន់ថា “ សារព័ត៌មានដើរតួនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយការពិតជូនដល់ប្រជាជន និងពិភពលោក ហើយអ្នកសារព័ត៌មានដើរតួនាទីសំខាន់ក្នុងកិច្ចការងារនេះ “ ដើម្បីអោយសារព័ត៌មានកាន់តែមានគុណភាព អ្នកសារព័ត៌មានត្រូវអនុវត្តន៍នូវគោលការណ៍ ៣ ជាសំខាន់ គោរពក្រមសីលធម៍ សរសេរព័ត៌មានពិតឈរលើប្រភព និងប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង ។

ឯកឧត្តម រដ្ឋមន្រ្តី បានលើកទឹកចិត្តដល់អ្នកសារព័ត៌មាន មកធ្វើការចុះបញ្ជីអោយបានត្រឹមត្រូវ ហើយការចេញបណ្ណសារព័ត៌មាន នឹងមានភ្ជាប់ QR Code ដើម្បីប្រតិបត្តិការការងារជាអ្នកសារព័ត៌មាន ស្របតាមផ្លូវច្បាប់ ហើយក្រសួងព័ត៌មាន ផ្តល់នូវមេធាវីជួយការពារដល់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈបានត្រឹមត្រូវតាមផ្លូវច្បាប់ និងស្របតាមក្រមសីលធម៍វិជ្ជាជីវៈអ្នកសារព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open