Detail Top Banner – Loto

លោក នេត្រ ភក្រ្តា៖ CPP នៅតែដើរតួនាទីស្នូលក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ សម្រាប់កម្ពុជា

(ក្រចេះ)៖ ថ្លែងក្នុងកិច្ចប្រជុំជាមួយអង្គបោះឆ្នោត នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ លោក នេត្រ ភក្រ្តា បានអោយដឹងថា «គណបក្សប្រជាជនកម្ពុជា នៅតែដើរតួនាទីស្នូលក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ សម្រាប់កម្ពុជា»

លោក នេត្រ ភក្ត្រា បានលើកឡើងពីតួនាទីស្នូលរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះប្រទេស និងប្រជាជនកម្ពុជា, ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងនាំយកសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍជូនជាតិកម្ពុជា និងបានលើកឡើងថា ការបោះឆ្នោតគឺជាមធ្យោបាយប្រជាធិបតិបតេយ្យតែមួយគត់ ក្នុងការឡើងដឹកនាំអំណាច។

លោកបន្តថា «យើងទាំងអស់គ្នាប្តេជ្ញាចិត្តយកជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា ប្រកបដោយ លទ្ធផលត្រចះត្រចង់ និងប្រកបដោយមោទកភាពនៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម បន្តដឹកនាំប្រទេស និងបម្រើជាតិនិងប្រជាជនកម្ពុជាឱ្យកាន់តែរីកចម្រើនកាន់តែខ្លាំងថែមទៀត»

លោកប្រធានក្រុមការងារបានស្នើដល់អង្គបោះឆ្នោតទាំង ២៤៧រូប ត្រូវធ្វើយ៉ាងណាថែរក្សាសុខភាពឱ្យបានល្អ ដើម្បីអាចអញ្ជើញទៅធ្វើការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ឱ្យបានគ្រប់ៗគ្នា។

តាមរយៈរបាយការណ៍របស់លោក ធុន គ្រី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណៈកម្មាធិការគណបក្សខេត្ត បានឱ្យដឹងថា នៅខេត្តក្រចេះ មានអង្គបោះឆ្នោតសរុបចំនួន ៣០៣នាក់ ក្នុងនោះមកពី គណបក្សប្រជាជនកម្ពុជា ជាក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន ២៤៧នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds