Detail Top Banner – Loto

លោក កើត រិទ្ធ ៖ វិធានការដាច់ខាត ដែលត្រូវអនុវត្តចំពោះសំណុំរឿង គ្រឿងញៀន, គ្រោះថ្នាក់ចរាចរណ៍ និងអត្រានុកូលដ្ឋាន

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី លោក កើត រិទ្ធ អះអាងថា វិធានការដាច់ខាត ដែលត្រូវអនុវត្តចំពោះសំណុំរឿង ៣ ប្រភេទ គឺ គ្រឿងញៀន, គ្រោះថ្នាក់ចរាចរណ៍ និងអត្រានុកូលដ្ឋាន ដែលជាកិច្ចការអាទិភាព ដែលចាំបាច់ត្រូវតែដោះស្រាយដោយតម្លាភាព ភាពត្រឹមត្រូវតាមច្បាប់ និងភាពម៉ឺងម៉ាត់ ស្របតាមទិសដៅនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ក៏ដូចជា ការចូលរួមទទួលខុសត្រូវ នៃវិស័យយុត្តិធម៌ចំពោះមុខប្រជាជន និងសង្គមជាតិ។

ថ្លែងក្នុងជំនួបប្រជុំជាមួយមេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌ ដើម្បីធានាដល់ការផ្តល់មេធាវីស្ម័គ្រចិត្ត ជួយការពារក្តីជូនប្រជាពលរដ្ឋ ក្នុងអំឡុងយុទ្ធនាការពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ កាលពីរសៀលថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា ការជួយដល់ប្រជាជន ជាពិសេសប្រជាជនក្រីក្រ និងប្រជាជនដែលរងគ្រោះដោយអយុត្តិធម៌ នឹងទទួលបានការគោរព និងកិត្តិយសយ៉ាងធំធេងពីសំណាក់ប្រជាជន និងសង្គមជាតិ។

លោកកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានបញ្ជាក់ជូននៅក្នុងកិច្ចប្រជុំនេះ អំពីតួនាទីរបស់មេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌ នៅក្នុងយុទ្ធនាការទាំង ២ របស់ក្រសួង ដែលនឹងត្រូវចូលរួមជួយការពារក្តីជូនប្រជាពលរដ្ឋ ដែលបានស្នើសុំជំនួយមេធាវី តាមរយៈយុទ្ធនាការទាំង ២ នេះផងដែរ។ លោថា «ការដាក់ចេញយុទ្ធនាការនេះ គឺធ្វើទៅតាមការប្រគល់ភារកិច្ចដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាអាទិភាពនយោបាយដ៏សំខាន់មួយ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា»

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានសម្តែងនូវការអរគុណចំពោះការសម្តែងនូវឆន្ទៈ របស់ក្រុមមេធាវីទីប្រឹក្សាអមក្រសួងយុត្តិធម៌ទាំងអស់ ក្នុងការចូលរួមអនុវត្តយុទ្ធនាការទាំង ២ ដែលត្រូវបានប្រកាសដាក់ចេញដោយក្រសួងយុត្តិធម៌ តាមរយៈការស្ម័គ្រចិត្តជួយការពារក្តីជូនប្រជាពលរដ្ឋ ជាពិសេស ការការពារក្តីជូនប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលរងគ្រោះដោយអយុត្តិធម៌ ប្រកប​ដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ក្នុងបុព្វហេតុនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ក៏ដូចជាក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនមេធាវីទីប្រឹក្សាទាំងអស់ផងដែរថា ការជួយដល់ប្រជាជន ជាពិសេស ប្រជាជនក្រីក្រ និងប្រជាជនដែលរងគ្រោះដោយអយុត្តិធម៌ នឹងទទួលបានការគោរព និងកិត្តិយសយ៉ាងធំធេងពីសំណាក់ប្រជាជន និងសង្គមជាតិ ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈច្បាប់។ សូមបញ្ជាក់ជូនផងដែរថា គណៈបញ្ជាការដឹកនាំយុទ្ធនាការ នឹងធ្វើការផ្សព្វផ្សាយនូវបញ្ជីឈ្មោះមេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌ ដែលស្ម័គ្រចិត្តចូលរួមក្នុងការអនុវត្តយុទ្ធនាការទាំង ២នេះ ជូនដល់សាធារណជន នាពេលឆាប់ៗខាងមុខនេះ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open