Detail Top Banner – Loto

ខេត្តមួយចំនួននៅតំបន់ខ្ពង់រាប អាកាសធាតុនឹងចុះត្រជាក់នៅពេលព្រឹកចន្លោះពី១៦-១៩°C

ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៤ នេះ បានប្រកាសអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ដែលទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិននៅតែបន្តឥទ្ធិពលគ្របដណ្តប់មកលើភាគឦសានជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤៖ តំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរ​មា​ពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី​។​
តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី១៦-២៣°C សីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី ខេត្តមណ្ឌលគិរី រតនគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៦-១៩°C។
តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី រលកសមុទ្រមានកម្ពស់ពី០,៥០-១,២៥ម៉ែត្រ។
ជាមួយគ្នានេះដែរក្រសួងអំពាវនាវអោយប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រ ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមប្រុងប្រយ័ត្នថែរក្សាសុខភាព ចំពោះធាតុអាកាសត្រជាក់ ដោយស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕អាចជារូបភាពនៃ ពពក និង អត្ថបទ
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds