ផ្ទុះការរិះគន់ បន្ទាប់ពីកូនកំលោះម្នាក់ ដល់ថ្ងៃការហើយ នៅតែជក់លេង PUBG មិនខ្វល់ពីកូនក្រមុំបន្តិចសោះ
ថ្មីៗនេះវីដេអូ TikTok មួយបាននិងកំពុងតែល្បីពេញអ៊ីនធើណេត ដែលបង្ហាញឱ្យឃើញថា មានប្តីប្រពន្ធវ័យក្មេងមួយគូ កំពុងតែរៀបការ ដែលមើលទៅវាគឺជារឿងធម្មតាសម្រាប់គូស្នេហ៍ទៅហើយ ប៉ុន្តែអ្វីដែលធ្វើឱ្យមនុស្សចាប់អារម្មណ៍ និងមានភាពក្តៅក្រហាយគឺថា កូនកំលោះវ័យក្មេងម្នាក់នេះ ហាក់ដូចជាមិនខ្វល់នឹងភរិយារបស់ខ្លួនបន្តិចសោះ តែគេបែរជាលេងហ្គេម PUBG ធ្វើព្រងើយនៅក្នុងថ្ងៃពិសេសរបស់គេទៅវិញ។
បន្ថែមពីនេះទៀត បើទោះបីជាមានភ្ញៀវម្នាក់បានជូនអំណោយដល់គេ រូបគេបែរជាមិនរីករាយក្នុងការទទួលទេ ផ្ទុយទៅវិញបែរជារុញវាចេញ ធ្វើដូចជាភ្ញៀវនោះរំខានគេលេងហ្គេមទៅវិញ។
ក្រោយមក វីដេអូនេះបានល្បីនិងចែកចាយពេញបណ្តាញសង្គម ដោយមនុស្សម្នាជាច្រើនមានភាពក្តៅក្រហាយ និងរិះគន់រូបគេជាខ្លាំង។
យ៉ាងណាមិញ យើងពុំទាន់ដឹងច្បាស់តើថា នេះគឺជាវីដេអូពិតប្រាកដ ឬក៏សម្តែងនោះទេ ប៉ុន្តែពុំគួរធ្វើសកម្មភាពបែបនេះនៅក្នុងថ្ងៃការនោះទេ សូមអាណិតដល់ខាងស្រីផង។
គួរឱ្យដឹងផងដែរ ហ្គេម PUBG មួយនេះពិតធ្វើជាឱ្យមនុស្សមួយចំនួនញៀននឹងវាខ្លាំងណាស់ ដែលមានប្តីម្នាក់រស់នៅប្រទេសចិន បានចាកចេញពីប្រពន្ធនិងកូន ព្រោះតែញៀននឹងការលេងហ្គេមនេះខ្លាំងពេក។ ហើយនៅតាមបណ្តាប្រទេសមួយចំនួន ក៏ហាមឃាត់មិនឱ្យប្រជាជនរបស់ពួកគេលេងហ្គេមនេះផងដែរ៕