Detail Top Banner – Loto

ថៃ និងឥណ្ឌូណេស៊ី គ្រោងនឹងផលិតថ្នាំគ្រាប់ប្រឆាំងនឹងការឆ្លងមេរោគកូវីដ១៩

បាងកក៖ ប្រទេសចំនួនពីរនៅអាស៊ីអាគ្នេយ៍ គឺប្រទេសថៃ និងឥណ្ឌូណេស៊ី គ្រោងនឹងផលិតថ្នាំគ្រាប់ប្រឆាំងនឹងការឆ្លងមេរោគកូវីដ១៩។

លោក Anutin Charnvirakul រដ្ឋមន្ត្រីសុខាភិបាលសាធារណៈរបស់ថៃ បាននិយាយកាលពីថ្ងៃសុក្រទី១៤ខែមករាឆ្នាំ២០២២ថា ប្រទេសនេះគ្រោងនឹងផលិតថ្នាំគ្រាប់ប្រឆាំងមេរោគ Molnupiravir ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគកូវីដ១៩ ចំពេលមានការឆ្លងកើនឡើងខ្លាំងដែលជំរុញដោយវីរុសបំប្លែងថ្មី អូមីក្រុង។

ថ្នាំគ្រាប់ព្យាបាលកូវីដ Molnupiravir សម្រាប់អ្នកជំងឺពេញវ័យ ដែលមានហានិភ័យនៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ គឺត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Merck & Co Inc និង Ridgeback Biotherapeutics មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

លោក Anutin ថ្លែងថា “សម្រាប់ថ្នាំ Molnupiravir, អង្គការឱសថរដ្ឋាភិបាល មានផែនការសហការអភិវឌ្ឍន៍ថ្នាំនេះ ជាមួយវិទ្យាស្ថានស្រាវជ្រាវ Chulabhorn”។ លោក​​បន្ត​ថា “​គណៈកម្មាធិការ​មួយ​នឹង​ស្រាវជ្រាវ និង​ផលិត​សារធាតុ​ប្រតិកម្មគីមី ដែល​នឹង​ជា​ការ​គាំទ្រ​បន្ថែម​សម្រាប់​ព្រឹត្តិការណ៍​នា​ពេល​អនាគត​”។

ដោយឡែកលោក Budi Gunadi Sadikin រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ី បានអោយដឹងដែរ ថា ប្រទេសនេះក៏មានគម្រោងផលិតថ្នាំ Molnupiravir ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនឱសថ PT Amarox Pharma Global ដែលចាប់ផ្តើមនៅខែមេសា ឬឧសភាផងដែរ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីបានអនុម័តថ្នាំ Molnupiravir សម្រាប់ការប្រើប្រាស់បន្ទាន់ក្នុងសប្តាហ៍នេះ ហើយថ្នាំចំនួន ៤០០,០០០ គ្រាប់បានមកដល់ហើយ។ ចំណែកប្រទេសថៃ បានបញ្ជាទិញថ្នាំ Molnupiravir ចំនួន ៥០,០០០ ឈុតពីក្រុមហ៊ុន Merck ហើយនៅតែកំពុងពិភាក្សាជាមួយក្រុមហ៊ុន Pfizer សម្រាប់ឱសថ Paxlovid ចំនួន៥០,០០០ឈុត៕

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds