ឡាវ សាកល្បងកម្មវិធីសុខភាព និងអនាម័យនៅក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច

បរទេស៖ ប្រទេសឡាវ និងចាប់បើកទេសចរណ៍ឡើងវិញ ដើម្បីរៀបចំសម្រាប់ការបើកដំណើរការវិស័យទេសចរណ៍ឡើងវិញចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ប្រទេសឡាវកំពុងសាកល្បងកម្មវិធីសុខភាព និងអនាម័យដែលមានឈ្មោះថា LaoSafe នៅក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចក្នុងរដ្ឋធានីវៀងច័ន្ទន៍។

គម្រោងនេះធ្វើឡើងដោយក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍របស់ប្រទេសឡាវ ដោយមានការគាំទ្រពីរដ្ឋាភិបាលលុចសំបួរ និងស្វីស។

កម្មវិធីសាកល្បង LaoSafe មានស៊េរីនៃស្តង់ដារសុខភាព និងអនាម័យសម្រាប់ផ្នែកបន្ទាប់បន្សំផ្សេងៗនៃវិស័យឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច រួមទាំងអ្នកផ្តល់កន្លែងស្នាក់នៅ កន្លែងលក់អាហារ និងភេសជ្ជៈ ក្រុមហ៊ុនអាកាសចរណ៍ កន្លែងទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបើកបរ។

បន្ទាប់ពីបណ្តាក្រុមហ៊ុនអាជីវកម្មនៅក្នុងរដ្ឋធានីវៀងចន្ទន៍ទទួលបានការបណ្តុះបណ្តាល និងក្លាយជាអ្នកមានគុណសម្បត្តិគ្រប់គ្រាន់នោះ បណ្តាក្រុមហ៊ុនអាជីវកម្មនៅក្នុងខេត្តហ្លួងប្រាបាងនឹងក្លាយជាក្រុមបន្ទាប់ដែលទទួលបានអត្ថប្រយោជន៍នេះពីកម្មវិធីសាកល្បង LaoSafe ។

ការវាយតម្លៃ និងការបញ្ជាក់នឹងចាប់ផ្តើមនៅក្នុងខែមករា ដោយផ្តោតសំខាន់ទៅលើតំបន់ទេសចរណ៍ «បៃតង» ដែលរួមមានរដ្ឋធានីវៀងចន្ទន៍ ខេត្តហ្លួងប្រាបាង និងទីក្រុងវ៉ាងវៀង។

ក្រសួងសុខាភិបាលរបស់ប្រទេសឡាវបានរាយការណ៍កាលពីថ្ងៃទី២៥ ខែធ្នូថា ប្រទេសនេះបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១ ០០៧នាក់ និងករណីស្លាប់ថ្មីចំនួន ១២នាក់ក្នុងរយៈពេល ២៤ម៉ោង។ រដ្ឋធានីវៀងច័ន្ទបានកត់ត្រានូវករណីឆ្លងថ្មីច្រើនបំផុតដែលមានចំនួន ៥០០នាក់។ ចំនួនសរុបនៃករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឡាវនៅពេលនេះមានចំនួន ១០៥ ៣៨០នាក់ ដោយក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៣១៧នាក់៕

(ប្រភព៖ VNA) សម្រួលផ្សាយ៖ ផែនរ៉ាញ់

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds