Detail Top Banner – Loto

Vietnam Airlines នឹងដំណើរការជើងហោះហើរធម្មតាឡើងវិញ ទៅកាន់គោលដៅអន្តរជាតិចំនួន១៥ នៅដើមឆ្នាំក្រោយ

បរទេស៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន VN Express នៅថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines របស់ប្រទេសវៀតណាម បានប្រកាសថា ខ្លួននឹងបន្តជើងហោះហើរពាណិជ្ជកម្មធម្មតាឡើងវិញ ទៅកាន់គោលដៅបរទេសចំនួន ១៥ រួមមានទាំងសហរដ្ឋអាមេរិក និងអឺរ៉ុប ចាប់ពីដើមឆ្នាំ២០២២ខាងមុខនេះតទៅ ។

រដ្ឋាភិបាលវៀតណាម បានអនុម័តឱ្យបន្តជើងហោះហើរអន្តរជាតិនៅលើផ្លូវចំនួន៩ ចាប់ពីថ្ងៃទី០១ ខែមករា និងចំនួន៦បន្ថែមទៀត ចាប់ពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ខាងមុខនេះតទៅ។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានប្រកាសថា ខ្លួននឹងចាប់ផ្តើមជើងហោះហើរ ចាប់ពីកាលបរិច្ឆេទទាំងនោះតទៅតែម្តង។

នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម គ្រោងនឹងចាប់ផ្តើមជើងហោះហើរទៅកាន់ទីក្រុងបាងកក (ប្រទេសថៃ), ប៉េកាំង/ក្វាងចូវ (ប្រទេសចិន), ភ្នំពេញ (កម្ពុជា), សាន់ហ្វ្រាន់ស៊ីស្កូ ឬឡូសអាន់ជឺលេស (សហរដ្ឋអាមេរិក), សេអ៊ូល (កូរ៉េខាងត្បូង), សិង្ហបុរី, តៃប៉ិ (កោះតៃវ៉ាន់), តូក្យូ (ជប៉ុន) និងវៀងច័ន្ទ (ឡាវ) ខណៈខ្លួនកំពុងរង់ចាំការអនុម័តពី អាជ្ញាធរអាកាសចរណ៍ ដើម្បីចាប់ផ្តើមការលក់សំបុត្រ។

បន្ទាប់មក នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ខ្លួនគ្រោងនឹងពង្រីកបន្ថែមទៅដល់ទីក្រុងហ្វ្រេងហ្វឺត (ប្រទេសអាល្លឺម៉ង់), ទីក្រុងហុងកុង, គូឡាឡាំពួរ (ម៉ាឡេស៊ី), ម៉ូស្គូ (រុស្ស៊ី), ប៉ារីស (បារាំង) និងស៊ីដនី (អូស្ត្រាលី) ផងដែរ។

រាល់អ្នកដំណើរដែលមកដល់ទាំងអស់ លើកលែងតែកុមារអាយុក្រោម ០២ឆ្នាំ ត្រូវតែធ្វើតេស្ត PCR ឃើញលទ្ធផលអវិជ្ជមានចំពោះ COVID-19 ក្នុងរយៈពេល ៧២ម៉ោងមុនពេលចេញដំណើរ។

គួរបញ្ជាក់ថា ប្រទេសវៀតណាម បានបិទព្រំដែនរបស់ខ្លួន និងផ្អាកជើងហោះហើរអន្តរជាតិកាលពីខែមីនា ឆ្នាំ២០២០កន្លងទៅនេះ ដោយអនុញ្ញាតឱ្យតែប្រជាពលរដ្ឋ អ្នកជំនាញបរទេស អ្នកវិនិយោគ និងកម្មករដែលមានជំនាញខ្ពស់ ចូលទៅ តាមរយៈជើងហោះហើរពិសេសរបស់ខ្លួនប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open