ក្រុមការងារជួយសង្គ្រោះឥណ្ឌូនេស៊ីប្តេជ្ញាថា នឹងស្វែងរកសពជនរងគ្រោះទាំង ៦២ នាក់ក្នុងហេតុការណ៍ធ្លាក់យន្តហោះឲ្យទាល់តែឃើញ
ឥណ្ឌូនេស៊ី៖ មេបញ្ជាការក្រុមការងារជួយសង្គ្រោះជនរងគ្រោះឥណ្ឌូនេស៊ីម្នាក់បានប្តេជ្ញាថា នឹងព្យាយាមស្វែងរកសាកសពជនរងគ្រោះទាំង ៦២ នាក់បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះចូលទៅក្នុងសមុទ្រឲ្យទាល់តែឃើញ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា មេបញ្ជាការរូបនេះមានឈ្មោះថា Charles Batlajery អាយុ ៣៥ ឆ្នាំមានបទពិសោធណ៍ក្នុងការជាអ្នកជួយសង្រ្គោះជនរងគ្រោះរយៈពេល ១៥ ឆ្នាំ ហើយបច្ចុប្បន្នរូបគាត់កំពុងដឹកនាំភ្នាក់ងារស្វែងរកនិងជួយសង្គ្រោះឥណ្ឌូនេស៊ី។ គួរបញ្ជាក់ជូនថា ក្រៅតែពីមានភ្នាក់ងារជាតិឥណ្ឌូនេស៊ីមួយនេះក៏មានដែរក្រុមអ្នកជួយសង្គ្រោះស្ម័គ្រចិត្តនិងក្រុមអ្នកជួយសង្គ្រោះមកពីស្ថាប័នផ្សេងៗជាច្រើនទៀតសរុបមានចំនួនប្រមាណជា ៣ ០០០ នាក់ ដែលកំពុងតែបំពេញភារកិច្ចយ៉ាងសកម្មជុំវិញហេតុការណ៍ធ្លាក់យន្តហោះនេះ។
រហូតមកទល់នឹងពេលនេះអ្វីដែលបានរកឃើញមានដូចជា បំណែកយន្តហោះ បំណែកសាកសព និងប្រអប់ខ្មៅចំនួន ១ ដែលអាចឲ្យគេដឹងត្រឹមថា ពេលយន្តហោះធ្លាក់ចូលសមុទ្រនោះម៉ាស៊ីនទាំង ២ របស់យន្តហោះនៅដំណើរជាធម្មតានៅឡើយទេ ខណៈតម្រុយនេះនៅមិនទាន់អាចឲ្យគេដឹងពីមូលហេតុពិតប្រាកដដែលធ្វើឲ្យយន្តហោះធ្លាក់នោះទេ។ ដោយឡែកចំពោះការស្វែងរកសាកសពវិញគឺគេបានរកឃើញត្រឹមតែផ្នែកផ្សេងៗនៃរាងកាយសាកសពប៉ុណ្ណោះ ហើយផ្នែកខ្លះស្ទើរបែកល្អិតអស់ទៅហើយ ពោលគឺគេមិនទាន់បានរកឃើញសាកសពជនរងគ្រោះទាំងមូលនៅឡើយទេ៕