តម្លៃប្រេងនឹងឡើងដល់ ៤៤ដុល្លារអាម៉េរិកក្នុងមួយបារ៉ែលនៅក្នុងឆ្នាំ ២០២១ និងមានតម្លៃ ៥០ដុល្លារអាម៉េរិកក្នុងមួយបារ៉ែលនៅក្នុងឆ្នាំ ២០២២ នេះបើតាមការបញ្ជាក់របស់ធនាគារពិភពលោក

(បរទេស)៖កាលពីថ្ងៃពុធ ធនាគារពិភពលោកបាននិយាយនៅក្នុងរបាយការណ៍សេដ្ឋកិច្ចចុងក្រោយរបស់រុស្ស៊ីថា ធនាគារពិភពលោករំពឹងថា តម្លៃប្រេងនឹងកើនឡើងដល់ ៤៤ដុល្លារអាម៉េរិកក្នុងមួយបារ៉ែលនៅក្នុងឆ្នាំ ២០២១ និងដល់ ៥០ដុល្លារអាម៉េរិកក្នុងមួយបារ៉ែលនៅក្នុងឆ្នាំ ២០២២ ។
របាយការណ៍នោះបាននិយាយថា «តម្លៃប្រេងត្រូវបានគេព្យាករថានឹងកើនឡើងដល់ ៤៤ដុល្លារអាម៉េរិកក្នុងមួយបារ៉ែលនៅក្នុងឆ្នាំ ២០២១ និងឈានដល់តម្លៃ ៥០ដុល្លារអាម៉េរិក្នុងមួយបារ៉ែលនៅក្នុងឆ្នាំ ២០២២ ពីតម្លៃនៃការការប៉ាន់ប្រមាណកាលពីលើកមុនដែលមានតម្លៃត្រឹម ៤១ដុល្លារអាម៉េរិក្នុងមួយបារ៉ែលនៅក្នុងឆ្នាំ ២០២០»។
ក្រុមអ្នកជំនាញរបស់ធនាគារពិភពលោកបានពិចារណាអំពីពេលវេលា និងភាពធ្ងន់ធ្ងរនៃជំងឺរាតត្បាតនាពេលអនាគត រួមទាំងល្បឿនដែលវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាព ត្រូវបានបង្កើតឡើង និងចែកចាយ ដែលជាហានិភ័យចម្បងចំពោះការព្យាករតម្លៃប្រេង។
យោងតាមរបាយការណ៍នោះបានឱ្យដឹងថា «ការកើនឡើងនៃអត្រាឆ្លងបន្ថែមទៀត គឺជាលទ្ធផលដែលបណ្តាលឱ្យមានការបិទប្រទេស និងការកាត់បន្ថយការធ្វើដំណើរ ដែលនឹងប៉ះពាល់ដល់តម្រូវការប្រេងជាងទំនិញដទៃទៀត។ ម៉្យាងវិញទៀត ប្រសិនបើវ៉ាក់សាំងមួយត្រូវបានបង្កើត និងចែកចាយបានលឿនជាងការរំពឹងទុក នោះការប្រើប្រាស់ប្រេងអាចនឹងមានការងើបឡើងវិញខ្លាំងជាងនេះនៅក្នុងឆ្នាំ ២០២១»។
ធនាគារពិភពលោកបានកត់សំគាល់ថា ជំងឺរាតត្បាតត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់យូរអង្វែងទៅលើការប្រើប្រាស់ប្រេង ដែលត្រូវបានគេរំពឹងថានឹងនៅទាបជាង ៥ភាគរយនៃកម្រិតមុនមានការរាតត្បាតនៅចុងឆ្នាំ ២០២១៕
(ប្រភព TASS )

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds