Detail Top Banner – Loto

ស្របពេលកៅស៊ូលក់មិនចេញទៅកាន់ទីផ្សារក្រៅស្រុក​ រដ្ឋាភិបាលថៃសម្រេចទិញកៅស៊ូក្នុងស្រុកធ្វេីផ្លូវ ជំនួសឲ្យការចាក់បេតុងធ្វេីថ្នល់វិញ

(ថៃ)៖ ស្របពេលដែលកៅស៊ូលក់មិនចេញ និងការផ្គត់ផ្គង់ក្នុងស្រុកចេះតែកើនឡើងលើសតម្រូវការ រដ្ឋាភិបាលថៃបានសម្រេចប្រើកៅស៊ូក្នុងការកសាងផ្លូវថ្នល់ ជំនួសឲ្យការប្រើបេតុង។ កាលពីពេលថ្មីៗនេះនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានចូលរួមធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីប្រើប្រាស់កៅស៊ូថៃ ក្នុងការកសាងផ្លូវដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់កសិករដាំកៅស៊ូ។

ជាមួយគ្នានេះដែរលោកប្រាយុទ្ធ បានកោតសរសើរដល់ក្រសួងដឹកជញ្ជូន ក្រសួងកសិកម្មនិងសហករណ៍ ក៏ដូចជាសាកលវិទ្យាល័យ Prince of Songkhla វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថៃ មូលនិធិសហករណ៍ចម្ការកៅស៊ូ និងវិទ្យាស្ថានវិស្វកម្មថៃ ដែលបានរួបរួមគ្នាបង្កើតនូវគំនិតនេះឡើង។

កិច្ចខិតខំប្រឹងប្រែងរួបរួមគ្នារបស់ក្រសួង និងស្ថាប័នទាំងនេះបានបង្កើតវិធីសាស្រ្តត្រួសត្រាយកៅស៊ូ ហើយមិនត្រឹមតែប៉ុណ្ណឹងទេការប្រើប្រាស់កៅស៊ូធ្វើថ្នល់នឹងបង្កើនសុវត្ថិភាពនៅលើដងផ្លូវផងដែរ។ ខណៈការជ្រើសរើសកៅស៊ូមកធ្វើថ្នល់នេះ គឺសម្រេចចេញមកបន្ទាប់ពីរដ្ឋាភិបាលបានធ្វើការសិក្សារទៅលើបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងការស្លាប់របស់អ្នកដំណើរនៅតាមដងផ្លូវ។

គួរឲ្យដឹងផងដែរថា មជ្ឈមណ្ឌលតាមដានសេដ្ឋកិច្ចបានព្យាករណ៍ពីទស្សនវិស័យអាប់អួរចំពោះតម្លៃកៅស៊ូនៅប្រទេសថៃក្នុងឆ្នាំនេះ ដោយសារតែតម្រូវការតិចតួចពីប្រទេសចិននិងការផ្គត់ផ្គង់ក្នុងស្រុកកើនឡើង។ ខណៈពេលជាធម្មតាប្រទេសថៃពឹងផ្អែកលើការប្រើប្រាស់កៅស៊ូរបស់ចិនដោយ ៤០% នៃការនាំចេញទៅកាន់ប្រទេសសេដ្ឋកិច្ចធំជាងគេទី ២ លើពិភពលោកនេះ គឺសម្រាប់ការផលិតសំបកកង់រថយន្ត។

យ៉ាងណាមិញក្រសួងដឹកជញ្ជូនក៏បានប្រកាសពីផែនការធ្វើផ្លូវដោយក្រាលបេតុងជាមួយកៅស៊ូ ដោយវិធីសាស្រ្តនេះត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយត្រូវបានសាកល្បងនៅប្រទេសកូរ៉េខាងត្បូងដែលបង្ហាញពីប្រសិទ្ធភាពក្នុងការកាត់បន្ថយផលប៉ះពាល់នៃឧប្បត្តិហេតុចរាចរណ៍។

ដំណើរការគ្របដណ្តប់នឹងប្រព្រឹត្តទៅចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ ២០២២ ដែលមានប្រវែង ១២,២៨២ គីឡូម៉ែត្រដោយប្រើប្រាស់ដើមកៅស៊ូចំនួន ១,០៦៣,៦៥១ ដើម ឬកៅស៊ូប្រហែល ១ លានតោនដែលស្មើនឹង ៧១% នៃប្រាក់ចំណូលរបស់អ្នកដាំដុះ ឬស្មើនឹងជាង ៣០ ពាន់លានបាត៕ប្រភព៖ thethaiger

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds