ប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាស្រុកសាលាក្រៅ អំពាវនាវ ឲ្យសមាជិក សមាជិកា ស្រុកសាលាក្រៅទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ លើសុខទុក្ខ របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ឲ្យទទួលបាន ភាពកក់ក្តៅ ជាងអាណត្តិមុន
(ប៉ៃលិន)៖ នៅក្នុងពិធីផ្សព្វផ្សាយខ្លឹមសាររួម ស្តីពីលទ្ធផល នៃ សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤២ អាណត្តិទី៥ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងមន្ទីរបក្សឃុំសាលាក្រៅ លោក សំ សារ៉េត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកសាលាក្រៅ និងជាប្រធានក្រុមការងារ ចុះពង្រឹងមូលដ្ឋានឃុំសាលាក្រៅ បានអំពាវនាវ ឲ្យសមាជិក សមាជិកា ស្រុកសាលាក្រៅទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ លើសុខទុក្ខ របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ឲ្យទទួលបាន ភាពកក់ក្តៅ ជាងអាណត្តិមុន ដើម្បីឲ្យប្រជាពលរដ្ឋ កាន់តែមានទំនុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិថ្មីនេះ។
ពិធីនេះក៍មានការចូលរួមពីសមាជិកសាខាភូមិ គណបក្សមូលដ្ឋានឃុំ គណបក្សស្រុក ក្រុមប្រឹក្សាស្រុក សាខាតាមបណ្តាអង្គជុំវិញស្រុក និងយុវជនគណបក្សស្រុក សរុបប្រមាណជិត២០០នាក់ ។
លោក សំ សារ៉េត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកសាលាក្រៅ និងជាប្រធានក្រុមការងារ ចុះពង្រឹងមូលដ្ឋានឃុំសាលាក្រៅ បានលើកឡើងដោយថ្លែងអំណរគុណ ដល់សមាជិកគណបក្សស្រុកទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញការងារ បានយ៉ាងល្អកាលពីអាណត្តិមុនហើយសង្ឃឹមថា សមាជិកទាំងអស់ នឹងបន្តការងារ របស់ខ្លួនបន្ថែមទៀត នៅអាណត្តិថ្មីនេះ ឲ្យបានកាន់តែប្រសើរ និងខ្លាំងក្លារថែមទៀត។
លោកប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកសាលាក្រៅ ក៍បានគូសបញ្ជាក់ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ ដែរថាឆ្នាំ២០២០នេះ គឺជាពេលវេលាដ៏សមស្រប ដែលតម្រូវ ឲ្យក្រុមការងារគណបក្ស នៅគ្រប់ថ្នាក់ ក៏ដូចជាក្រុមការងារ របស់រាជរដ្ឋាភិបាលចុះមូលដ្ឋាននានា ត្រូវរួមគ្នាយកចិត្តទុកដាក់ ក្នុងការចុះជួយពង្រឹងមូលដ្ឋាន លើកិច្ចការសំខាន់ ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានដាក់ចុះ។ជាពិសេស គោលការណ៍ណែនាំរួម និងផែនការនានា របស់ថ្នាក់ដឹកនាំ និងការប្តេជ្ញាចិត្តខាងនយោបាយ ឈានឆ្ពោះ ទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ នៅឆ្នាំ២០២២ ព្រមទាំងការបោះឆ្នោតថ្នាក់ជាតិ ជាសកលក្នុងការជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅឆ្នាំ២០២៣ខាងមុខ ។ជាមួយគ្នានេះ ក៍បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សានូវសមិទ្ធផល ដែលកម្ពុជាទទួលបាន នាពេលនេះ ពិសេសចូលរួមថែរក្សាឲ្យបាននូវសន្តិភាព សម្រាប់សង្គមជាតិទាំងមូល ដើម្បីឲ្យរាជរដ្ឋាភិបាល កាន់តែមានឱកាសអភិវឌ្ឍ ប្រទេសជាតិជាបន្ត ចំណែកប្រជាពលរដ្ឋកាន់អាចមានលទ្ធភាពធ្វើឲ្យជីវភាពប្រសើរឡើង និងរស់ប្រកបដោយសុភមង្គលផងដែរ៕