លោក ពេជ្រ ស្រស់ ធ្វើការងារយ៉ាងលឿន ដើម្បីជួយយុវជនម្នាក់ដែលត្រូវគេបោកយកទៅធ្វើការងារនៅប្រទេសម៉ាឡេស៊ី
(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ មានករណីបុរសម្នាក់ បានឆាតមកលោក ពេជ្រ ស្រស់ ប្រធានគណបក្ស ឲ្យជួយផងព្រោះគាត់ត្រូវគេបោកយកទៅធ្វើការងារនៅប្រទេសម៉ាឡេស៊ី។ ដោយលោកបានអះអាងថា រឿងនេះគឺគាត់ពិតជារស់នៅប្រទេសម៉ាឡេស៊ីពិតមែនក្រោយពីលោកបង្រៀនឲ្យគាត់ចេះ Share Location ឲ្យលោក។
បន្ទាប់ពីយុវជនរូបនេះបានប្ដឹងមកលោក ពេជ្រ ស្រស់ មិនប៉ុន្មានផងលោក ពេជ្រ ស្រស់ បានចំណាយពេលតែ ៤០នាទី ធ្វើការទាក់ទងទៅគ្រប់ស្ថាប័ន និងជាមួយឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ បានធ្វើការកំណត់ទីតាំងរបស់យុវជនរូបនោះ ហើយបន្តសហការដើម្បីយកយុវជន ឆុន រ៉ាឆេន មកប្រទេសកម្ពុជាវិញ។
បើតាមប្រភពដែលអង្គភាពព័ត៍មាន Fast News ទទួលបាន គាត់ឈ្មោះ ឆុន រ៉ាឆេន ភេទប្រុស អាយុ ២៣ឆ្នាំ មកពីភូមិត្មាតបើយ ឃុំព្រិញធំ ស្រុកជាំសាន្ត ខេត្តព្រះវិហារ។
គាត់ទៅម៉ាឡេស៊ីតាមរយៈបងថ្លៃគាត់ដែលជាជនជាតិម៉ាឡេស៊ី បងស្រីបង្កើតគាត់ឈ្មោះ ឆុន សុខចន្ទ។
គាត់ធ្វើការងារដាំផ្កានៅតំបន់ Blue Valley រដ្ឋ Pahang ដែលមានចំងាយប្រហែលជា ២៥៦គីឡូម៉ែត្រពីក្រុងគូឡាឡាំពួរ។ គាត់ចេញទៅម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ជាមួយបងស្រីបង្កើតរបស់គាត់។
បើតាមការស៊ីបសួរ គាត់និងបងស្រីបង្កើតគាត់ទើបតែជួបគ្នាដែរ និងចង់ត្រឡប់មកផ្ទះវិញ ប៉ុន្តែបងស្រីចេះតែប្រាប់ថាឲ្យតស៊ូបន្តិចទៅនឹងធ្លាប់ហើយ។បើតាមច្បាប់ ប្រសិនជាពលករគាត់ប្តឹង នោះបងស្រីបង្កើត និងបងថ្លៃរបស់គាត់នឹងជាប់អំពីបទជួញដូរមនុស្ស៕

ដោយ៖ ស៊ាងម៉ី