លោក ឈឹម ផលវរុន៖ បុគ្គលមួយចំនួនប្រព្រឹត្តអំពើទុច្ចរិតទាក់ទិននឹងបញ្ហាដីធ្លីជាលក្ខណៈប្រព័ន្ធ
ភ្នំពេញ៖ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោកឈឹម ផលវរុន បានអះអាងថា បច្ចុប្បន្ន បញ្ហាទំនាស់ដីធ្លីត្រូវបានរកឃើញថាជាករណីប្រព្រឹត្តដោយទុច្ចរិតតាមរយៈលក្ខណ:ជាប្រព័ន្ធ ។
ការថ្លែងបែបនេះ ស្របពេលពិធីសន្និបាតបូកសរុបលទ្ធផលការងារ រយៈពេល១៦ខែដំបូង របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់យោបល់ នឹង ប្រព្រឹត្តទៅ នៅ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេ ជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោក ឈឹម ផល វរុន ថ្លែងប្រាប់អង្គភាព Fast New នៅរសៀលថ្ងៃទី២៦ ឱ្យដឹងថាឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើង រយៈពេល១៦ខែកន្លងមកប្រតិភូនៃ បណ្ដាគណបក្សនយោបាយចំនួន១៦បានអនុវត្ត និង តាមដានយ៉ាងសកម្ម ចំពោះការអនុវត្តច្បាប់របស់ស្ថាប័នក្រសួងអាជ្ញាធរថ្នាក់ជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិដោយឃើញពី ភាពអសកម្មភាគច្រើនជា ករណីទំនាស់ដីធ្លី ។
លោកបាន បញ្ជាក់ថា ប្រតិភូជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នឹងរាយការណ៍ជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី បន្ទាប់ពីឃើញពីករណីដីធ្លីមួយចំនួនដោយមានបុគ្គលមានអំណាចប្រព្រឹត្តអំពើទុច្ចរិត រំលោភដីប្រជាពលរដ្ឋ និងការទន្ទ្រានដីរបស់រដ្ឋ។
បើតាមលោក ឈឹម ផលវរុន បានលេកឡើងពីវិធីសាស្ត្រ ដើម្បីដោះស្រាយបញ្ហាដែលរាំរៃនេះ ដោយការធ្វើកំណែទម្រង់បុគ្គល គឺត្រូវចាត់វិធានការណ៍តាមនីតិវិធីច្បាប់ដែលមានចែង ទើបបុគ្គលទាំងនោះនឹងរាងចាលពីអំពើទុច្ចរិតរបស់ខ្លួន។
លោកបន្តថា ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ បញ្ហាដីធ្លីត្រូវបានដាក់មកពិភាក្សាយ៉ាងផុសផុល បន្ទាប់ពីត្រូវបានបង្កើតឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់។ ឯកឧត្តម ឈឹម ផលវរុន បន្ថែមថា យោងតាមសកម្មភាព និងការតាមដានរបស់ប្រតិភូ ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បញ្ហាសង្គមនានានឹងមិនត្រូវបានបិទបាំង និងបំផ្លៃពីការពិត ដែលរារាំងដល់ការអភិវឌ្ឍប្រទសកម្ពុជាឡើយ៕