​ក្រុមហ៊ុន​ចម្រុះ​សិល្បករ​អង្គរ​ស្នើ​ឱ្យក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ផ្ដល់​ជំនួយ​បច្ចេកទេស និង​ពិចារណា​បង្កាត់​ពូជ​ដំណាំ​មន ដែល​ធន់​នឹង​អាកាស​ធាតុ​ក្ដៅ

ដោយ​មាន​ការ​ចាត់​តាំងពី​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា នៅ​រសៀល​ថ្ងៃអង្គារ ទី​១៩ ខែ​មីនា ឆ្នាំ​២០២៤ លោក​ជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ​ ជា​អ្នក​នាំ​ពាក្យ និង​ទទួល​បន្ទុក​ការងារព័ត៌មាន​និង​​ទំនាក់ទំនង​សាធារណៈ នៃក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ទៅ​កាន់​រោង​តម្បាញ​សូត្រ របស់​ក្រុមហ៊ុន​ចម្រុះ​សិល្បករ​អង្គរ ដែល​មាន​ទីតាំង​នៅ​ស្រុក​ពួក ខេត្ត​សៀមរាប។
នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ជំទាវ និង​ក្រុម​ការងារ បាន​ស្វែង​យល់​អំពីស្ថានភាព​នៃ​សិប្បកម្ម​តម្បាញ​សូត្រ​របស់​ក្រុមហ៊ុន​ចម្រុះ​សិល្បករ​អង្គរ ដែល​មាន​គម្រោង​ពង្រីក​ផលិតកម្ម​បន្ថែម​នា​ពេល​ខាង​មុខ​។ គម្រោង​​ពង្រីក​ផលិតកម្ម និង​បង្កើន​ចំនួន​សិប្បករ​តម្បាញ ធ្វើ​ឡើង​ដោយ​សារ​តែ​កំណើន​តម្រូវ​ការ​សូត្រ​សម្រាប់​ដាក់​លក់​ជូន​ដល់​អតិថិជន ដែល​ភាគច្រើន​ជា​ភ្ញៀវ​ទេសចរ​បរទេស​ដែល​អញ្ជើញ​មក​ទស្សនា​កម្ពុជា។
ក្រុម​ការងារ​នៃ​ក្រុមហ៊ុន​ចម្រុះ​សិល្បករ​អង្គរ បាន​ជម្រាប​ជូន​លោក​ជំទាវ អំពី​ការ​ដាំ​ឡើង​វិញ ដំណាំ​មន ដែល​ជា​ចំណី​ចិញ្ចឹម​ដង្កូវ​នាង​សម្រាប់​ស្រាវ​យក​សូត្រ​។ យ៉ាង​ណា​ក៏​ដោយ ការ​ដាំ​ដុះ​ដំណាំ​មន និង​ចិញ្ចឹម​ដង្កូវ​នាង ​កំពុង​ជួប​បញ្ហា​ប្រឈម​ ដោយ​សារ​តែកត្តា​​ការ​ប្រែ​ប្រួល​អាកាសធាតុ។ តំណាង​ក្រុម​ហ៊ុន បាន​ស្នើ​ឱ្យក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ផ្ដល់​ជំនួយ​បច្ចេកទេស និង​ពិចារណា​បង្កាត់​ពូជ​ដំណាំ​មន ដែល​ធន់​នឹង​អាកាស​ធាតុ​ក្ដៅ​។ បច្ចេកទេស​ថ្មី​ៗ​ដើម្បី​ចិញ្ចឹម​ដង្កូវ​នាង​ឱ្យ​មាន​សុខភាព​ល្អ អាច​ផលិតសំបុក​ដែល​ផ្ដល់​សូត្រ​ប្រវែង​វែង​ ក៏​ជា​កត្តា​គន្លឹះ​ដើម្បី​និរន្ដរភាព​នៃ​វិស័យ​សិប្បកម្ម​សូត្រ​ផង​ដែរ។
ជា​ការ​ឆ្លើយ​តប លោក​ជំទាវ អ៊ឹម រចនា បាន​គូស​បញ្ជាក់​ថា លោក​ជំទាវ​នឹង​រាយការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ដ្រី និង​ថ្នាក់​ដឹក​នាំ​ក្រសួង អំពី​សំណើ​នេះ​។ លោកជំទាវ​បាន​រំឭក​អំពី​ប្រសាសន៍​របស់​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត​ ទីណា ដែល​​ថា ការ​ដាំ​ដើម​មន ចិញ្ចឹម​ដង្កូវ​នាង និង​សិប្បកម្ម​សូត្រ គឺ​ជា​ទំនៀម​ទម្លាប់​ប្រពៃ​ណី​ខ្មែរ ដែលមាន​ប្រវត្ត​យូរ​អង្វែង​មក​ហើយ​។
ការងារ​នេះ បើ​តាមឯកឧត្តម​រដ្ឋមន្ដ្រី វាមិន​ត្រឹម​តែ​អាច​រួម​ចំណែក​ជួយ​ថែ​រក្សា​និង​ផ្សព្វផ្សាយ​អត្តសញ្ញាណ ព្រមទាំង​ដួង​ព្រលឹង​ជាតិខ្មែរ​ទៅ​កាន់​ប្រជាជន​នៃ​ពិភពលោក​​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​នឹង​ជួយ​ផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន បង្កើន​ប្រាក់​ចំណូល ក៏​ដូច​ជា​កាត់​បន្ថយ​ការ​ចំណាក​ស្រុក​របស់​ប្រជាពលរដ្ឋ​ផង​ដែរ៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds