កិច្ចប្រជុំពិភាក្សាការងារលើយន្ដការសហប្រតិបត្តិការផ្លូវដែកកម្ពុជា-ចិន ជាមួយគណៈកម្មការជាតិអភិវឌ្ឍន៍ និងកែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន (NDRC)

នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងពាក់ព័ន្ធនឹងការងារផ្លូវដែក តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រជុំពិភាក្សាការងារតាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom Cloud Meetings) ជាមួយគណៈប្រតិភូនៃគណៈកម្មការជាតិអភិវឌ្ឍន៍ និងកែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន (NDRC) ដឹកនាំដោយលោកស្រី Zhang Jianhua អគ្គនាយករងមូលធនបរទេស និងវិនិយោគក្រៅប្រទេស ដោយមានការចូលរួមពីតំណាងក្រសួងការបរទេស តំណាងក្រសួងពាណិជ្ជកម្ម តំណាងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន តំណាងរដ្ឋបាលផ្លូវដែកជាតិចិន និងតំណាងក្រុមហ៊ុន China Railway SIYUAN Survey and Design Group Co., Ltd។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីជជែកពិភាក្សាអំពីការជំរុញអភិវឌ្ឍផ្លូវដែកនៅកម្ពុជា ស្របតាមស្មារតីនៃអនុស្សរណៈយោគយល់ស្ដីពីការបង្កើតយន្តការសហប្រតិបត្តិការផ្លូវដែកកម្ពុជា-ចិន ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។ ភាគីទាំងពីរក៏បានផ្លាស់ប្ដូរយោបល់អំពីកិច្ចសហប្រតិបត្តិការជុំវិញការអភិវឌ្ឍវិស័យផ្លូវដែករវាងប្រទេសទាំងពីរ ដែលក្នុងនោះភាគីទាំងពីរបានឯកភាពលើចំណុចសំខាន់ៗមួយចំនួន រួមមាន៖
១)ការអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា របស់គណៈប្រតិភូនៃគណៈកម្មការជាតិអភិវឌ្ឍន៍ និងកែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន (NDRC) នៅក្នុងអំឡុងខែមេសា ឆ្នាំ២០២៤។
២)ការជួយគាំទ្រដល់កម្មវិធីបណ្ដុះបណ្ដាលសមត្ថភាពដល់មន្ត្រីបច្ចេកទេសពាក់ព័ន្ធនឹងការងារផ្លូវដែកនៅកម្ពុជា សម្រាប់ការសិក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍ផ្លូវដែក។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការជួយគាំទ្ររបស់ភាគីចិន ជាពិសេសគណៈកម្មការជាតិអភិវឌ្ឍន៍ និងកែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន (NDRC) នៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា និងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការបន្ត និងការអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារបស់គណៈប្រតិភូ និងជំនាញការចិននាពេលខាងមុខ៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds