សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៤ ប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងទទួលបានលទ្ធផលល្អតាមការរំពឹងទុក

អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៤ ដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងទទួលបានលទ្ធផលល្អតាមការរំពឹងទុក។

ថ្លែងក្នុងពិធីបិទ សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៤ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានអោយដឹងថា សប្តាហ៍គាំពារសង្គមកម្ពុជា​ឆ្នាំ២០២៤ បានប្រព្រឹត្តក្រោមមូលបទរួម “បន្តកសាងប្រព័ន្ធគាំពារសង្គមដើម្បីចីរភាព និងភាពធន់” ដែលបានផ្តោតការពិភាក្សាជារួមលើការបន្តកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គមកម្ពុជា ដែលត្រូវបានរៀបចំក្នុងទម្រង់ជាវេទិកាធំមួយដែលមានបទបង្ហាញ និងកិច្ចពិភាក្សាដែលសម្របសម្រួលដោយវាគ្មិនជាថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធដែលមានសមាសភាពក្នុងក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម, អ្នកជំនាញ, តំណាងដៃគូអភិវឌ្ឍន៍, អង្គការសង្គមស៊ីវិល, និងភាគីពាក់ព័ន្ធដទៃទៀតក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា ដែលមានចំនួនអ្នកចូលរួមសរុបប្រមាណ ១ ០០០នាក់ ទាំងដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ (Zoom) ក្នុងរយៈពេល២ថ្ងៃមកនេះ។

ឯកឧត្តមបណ្ឌិត បន្តថា ការវិវត្តយ៉ាងឆាប់នៃព្រឹត្តការណ៍សកល ក៏ដូចជា លទ្ធផលនៃការវាយតម្លៃពាក់កណ្តាលអាណត្តិកន្លងមក, រាជរដ្ឋាភិបាលមើលឃើញពីភាពចាំបាច់ ក្នុងការធ្វើបច្ចុប្បន្នភាព ក្របខណ្ឌគោល-នយោបាយនេះ ទៅជា «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ៖ ចក្ខុវិស័យ ឆ្នាំ ២០៣០» ក្នុងគោលបំណងពង្រឹងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម បន្ថែមទៀត ដោយផ្លាស់ប្តូរអភិក្រម ពីការអភិវឌ្ឍដែលផ្តោតលើសសរស្តម្ភ ទៅជាអភិក្រមនៃការគាំពារផ្អែកលើហានិភ័យនៃវដ្តជីវិត និង បន្តពង្រីកការគ្របដណ្តប់ ទៅតាមលទ្ធភាព និង ស្ថាន-ភាពជាក់ស្តែង, ប៉ុន្តែ ប្រកាន់ភ្ជាប់នូវគោលជំហរប្រុងប្រយ័ត្ន ក្នុងការមិនប្រែក្លាយកម្ពុជា ទៅជា រដ្ឋសុខុមាលភាព (welfare state) នោះទេ បើទោះប្បីជាបច្ចុប្បន្ននេះ ប្រព័ន្ធគាំពារសង្គមបានគ្របដណ្តប់ដល់ពលរដ្ឋប្រមាណ៦,៦លាននាក់ ដែលស្មើនឹង ៤២ភាគរយនៃពលរដ្ឋកម្ពុជាសរុប និង ឈានឈ្មោះទៅ ៩លាននាក់ នៅថ្ងៃអនាគតយ៉ាងណាក៏ដោយ។

ឯកឧត្តមបណ្ឌិត ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចំណាយពេលដ៏មមាញឹកចូលរួមជាអធិបតីក្នុងពិធីបើក សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៤ និងថ្លែងអំណរគុណ និងកោតសរសើរជូនចំពោះ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ថ្នាក់ដឹកនាំ, តំណាងក្រសួង-ស្ថាប័ន, និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដែលញ៉ាំងឱ្យ សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៤ ដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងទទួលបានលទ្ធផលល្អតាមការរំពឹងទុក៕May be an image of 1 person, dais and textMay be an image of 8 people, dais and textMay be an image of lighting, dais and textMay be an image of 10 people, dais and text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds