សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) អញ្ជើញជា​អធិបតីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក។
ស.ស.យ.ក ដែលជាគណៈចលនាមហាជនដ៏ធំមួយនៅកម្ពុជា បានបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល​របស់​ខ្លួនកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក.។ តាមរយៈកិច្ចប្រជុំនេះ អង្គប្រជុំបានធ្វើរបាយការណ៍សង្ខេបនៃសកម្មភាព ស.ស.យ.ក. ដែលសម្រេច​បាននាពេលកន្លងមក និងមានបទអន្តរាគមន៍យ៉ាងផុសផុលពីសំណាក់សមាជិក សមាជិកានៃអង្គប្រជុំ រួម​ទាំងភាពជោគជ័យនៃដំណើរការបោះឆ្នោតជ្រើសតាំងសមាសភាពបំពេញបន្ថែមសមាជិកសមាជិកគណៈកម្មាធិការកណ្តាល គណៈអចិន្ត្រៃយ៍ និងអនុប្រធាន ស.ស.យ.ក. ផងដែរ។
ក្នុងកិច្ចប្រជុំនោះ លោក ហ៊ុន ម៉ានី បានផ្ដាំផ្ញើដល់លោក លោកស្រី ដែលត្រូវបានតែងតាំងថ្មី ក៏ដូចជាថ្នាក់​ដឹកនាំ ស.ស.យ.ក. គ្រប់ជាន់ថ្នាក់ឱ្យយកចិត្តទុកដាក់អនុវត្តការងារស្របតាមបេសកកម្មរបស់ ស.ស.យ.ក. និងស្របតាមការវិវត្តថ្មីៗ ដើម្បីបម្រើជាឧត្តមប្រយោជន៍ដល់សង្គម។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ លោក កើត រិទ្ធ សមា​ជិក​គណៈអចិន្ត្រៃយ៍ ស.ស.យ.ក. ត្រូវបានគណៈ​កម្មា​ធិការ​កណ្តាល ស.ស.យ.ក. បោះឆ្នោតជ្រើសតាំងជាអនុប្រធានសហភាព​សហព័ន្ធយុវជនកម្ពុជា៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds