EU ផ្តល់ជំនួយប្រមាណ$១៣លាន ដើម្បីគាំទ្រដល់គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ដំណាក់កាលទី៣

ភ្នំពេញ៖ សហភាពអឺរ៉ុប បានសម្រេចផ្តល់ជំនួយចំនួន ១២លានអឺរ៉ូ ឬប្រមាណ១៣លានដុល្លារ ដើម្បីគាំទ្រដល់គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ដំណាក់កាលទី៣ សំដៅពង្រីកបណ្តាញទឹកស្អាត ជូនដល់ប្រជាជននៅរាជធានីភ្នំពេញ ​និងតំបន់ផ្សេងទៀត ជាពិសេសប្រជាជន​មានជីវភាពលំបាក និងកម្មករកម្មការនី ដែលស្ថិតនៅជាយរាជធានីភ្នំពេញ។

​ការប្រកាសនេះ ធ្វើឡើងក្នុងឱកាសដែលលោកស្រី ជូតា អេភីលឡៃនីន ស្នងការអឺរ៉ុបទទួលបន្ទុកភាពជាដៃគូអន្តរជាតិ បំពេញទស្សនកិច្ច នៅរោងចក្រផលិតទឹកស្អាតបាក់ខែង​ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ។ ​

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា នាថ្ងៃទី១៣ ខែមីនា នេះ លោក​ស្រី ជូតា អេភីលឡៃនីន បានលើកសរសើរអំពីភាពដៃគូដ៏រឹងមាំ រវាងទីភ្នាក់ងារអភិវឌ្ឍន៌បារាំង (AFD) ធនាគារវិនិយោគអឺរ៉ុប និងសហភាពអឺរ៉ុប ថាជាក្រុមការងារអឺរ៉ុបដ៏ខ្លាំងមួយ ជាពិសេសក្នុងវិស័យទឹកស្អាត។ ​

លោកស្រី ថា «ជាមួយនឹងការអនុវត្តប្រកបដោយជោគជ័យ នៃគម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទី១ និងដំណាក់កាលទី២ សហភាពអឺរ៉ុបនឹងបន្តគាំទ្រកម្ពុជា ក្នុងការផលិតទឹកស្អាត និងប្រកបដោយសុវត្ថិភាព ទាំងនៅក្នុងរាជធានីភ្នំពេញ និងតំបន់ផ្សេងទៀត។ តាមរយៈការបន្តកិច្ចសហប្រតិបត្តិការនេះ មានមោទនភាពក្នុងការប្រកាសការសន្យា ផ្តល់ជំនួយឥតសំណងចំនួន ១៣លានដុល្លាសហរដ្ឋអាមេរិក (១២ លានអឺរ៉ូ) ដើម្បីគាំទ្រដល់គម្រោងបាក់ខែងដំណាក់កាលទី៣ ដោយសហការជាមួយដៃគូអឺរ៉ុបរបស់យើង គឺទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)»

ដោយឡែក​លោក ហែម វណ្ណឌី ​រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា រោងចក្រផលិតទឹកស្អាតបាក់ខែង​ គឺជាសក្ខីភាពមួយនៃការប្ដេជ្ញាចិត្ត​ ក្នុងការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ដែលចាំបាច់សម្រាប់ទាំងការប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារ និងទាក់ទាញការវិនិយោគ ដែលជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។

លោកថា៖ «​ទន្ទឹមនឹងនេះដែរ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវដែលបានអញ្ជើញមកដោយផ្ទាល់ ក្នុងការចុះហត្ថលេខានូវគម្រោង Globle getewayនេះ ហើយម្សិលមិញនេះ គឺយើងទទួលបាននូវជំនួយឥតសំណង​ដែលមានតម្លៃប្រមាណ១២លានអឺរ៉ូ បន្ថែមទៀត ដើម្បីពង្រីកនូវបណ្តាញទឹកស្អាតនេះ ជូនដល់ប្រជាជនដែលលោកមានជីវភាពលំបាក ​បងប្អូនកម្មកររោងចក្រដែលស្ថិតនៅជាយរាជធានីភ្នំពេញ។ យើងឃើញថាបន្ទាប់ពីបញ្ចប់ការតភ្ជាប់នូវបណ្តាញទាំងអស់នេះ ជាពិសេសភាគខាងលិច និងខាងត្បូងជាយរាជធានីភ្នំពេញ ដែលកន្លងមកមានបញ្ហាប្រឈមខ្វះទឹកស្អាត នៅក្នុងសម្ពាធទឹកមិនបានខ្លាំង គឺបន្ទាប់ពីបញ្ចប់គម្រោងនេះទៅ យើងនឹងបានទឹកមួយដែលមានគុណភាព ទឹកមួយដែលមានសម្ពាធល្អ ហើយគ្រប់គ្នានៅតំបន់រាជធានីភ្នំពេញ តំបន់តាខ្មៅទទួលបានសេវាដែលមានសារៈសំខាន់នេះ»

រោងចក្រផលិតទឹកស្អាតបាក់ខែង​ គឺជាគម្រោងវិនិយោគរបស់អឺរ៉ុបដ៏ធំជាងគេមួយនៅកម្ពុជា ក្រោមយុទ្ធសាស្ត្រវិនិយោគច្រកចូលទៅកាន់ពិភពលោករបស់អឺរ៉ុប (EU Global Gateway)។ ការវិនិយោគនេះបានជួយធ្វើឱ្យប្រសើរឡើង នូវការទទួលបានសេវាទឹកស្អាត សម្រាប់ប្រជាពលរដ្ឋជាង២លាននាក់ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds