រដ្ឋមន្ត្រីសេដ្ឋកិច្ច៖ គិតត្រឹមដើមឆ្នាំ ២០២៤ ការគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គមរបស់កម្ពុជា មានជាង ៤២,១% នៃប្រជាជនសរុប

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកសប្ដាហ៍គាំទ្រសង្គមកម្ពុជា ឆ្នាំ២០២៤ ខណៈគិតត្រឹមដំណាច់ឆ្នាំ២០២៣ ប្រព័ន្ធគាំពារសង្គមកម្ពុជាមានរបបសន្តិសុខសង្គម និងកម្មវិធីជាតិជំនួយសង្គមចំនួន១៦ សំខាន់ៗ ដែលមានអ្នកទទួលផលប្រមាណ ៦.៦លាននាក់ ឬស្មើនឹង ៤២ភាគរយ នៃប្រជាជនសរុប និងកំពុងត្រូវបានពង្រីកវិសាលភាពជាបណ្តើរៗផងដែរ។

ថ្លែងក្នុងពិធីបើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ ២០២៤ ក្រោមមូលបទ «បន្តកសាងប្រព័ន្ធគាំពារសង្គម ដើម្បីចីរភាព និងភាពធន់» លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានអោយដឹងថា គិតត្រឹមដើមឆ្នាំ ២០២៤ ការគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គមរបស់ប្រទេសកម្ពុជា មានប្រមាណជាង ៤២,១% នៃប្រជាជនសរុប ខណៈដែលក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ បានដើរតួយ៉ាងសំខាន់ ក្នុងការតម្រង់ទិសនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា បានយ៉ាងគាប់ប្រសើ។

លោកអគ្គបណ្ឌិតសភាចារ្យ គូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានឆ្លើយតបនឹងពហុវិបត្តិទាំងនេះ បានទាន់ពេល និងបានកាត់បន្ថយផលអវិជ្ជមាន ដោយធានាបាននូវការបន្តផ្តល់អត្ថប្រយោ ជន៍ ពីប្រព័ន្ធគាំពារសង្គមជូនដល់ប្រជាជន ជាពិសេស បានជួយរក្សាលំនឹងជីវភាពគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួនប្រមាណ ១,៣លានគ្រួសារ ដោយក្រសោបសមាជិកសរុបចំនួនប្រមាណ ៥លាននាក់ តាមរយៈអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្នជាបន្តបន្ទាប់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ការពង្រឹងនូវប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ជាអាទិភាពមួយ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្ដោតជាពិសេស លើការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដែលមានលក្ខណៈប្រមូលផ្ដុំ និងសង្គតិភាព ស្របតាមអភិក្រមនៃវដ្ដជីវិត ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” ជាមួយនឹងទស្សនវិស័យ និងគោលដៅដ៏ច្បាស់លាស់ គឺជំរុញ កំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ និងបរិយាបន្នសង្គម។

ដោយឡែក លោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានអោយដឹងដែរថា គិតត្រឹមដំណាច់ឆ្នាំ២០២៣ ប្រព័ន្ធគាំពារសង្គមកម្ពុជាមានរបបសន្តិសុខសង្គម និងកម្មវិធីជាតិជំនួយសង្គមចំនួន១៦ សំខាន់ៗ ដែលមានអ្នកទទួលផលសរុបប្រមាណ ៦,៦លាននាក់ ឬស្មើនឹង ៤២% នៃប្រជាជនសរុប ដែលកំពុងត្រូវបានពង្រីកវិសាលភាពជាបណ្តើរៗ ផងដែរ។

លោកស្រីបន្តថា ការវិនិយោគ (ចំណាយ) ក្នុងប្រព័ន្ធគាំពារសង្គម បានកើនឡើងពីប្រមាណ ១% ក្នុងឆ្នាំ ២០១៨ ដល់ប្រមាណ ៣% នៃផលិតផលសរុបក្នុងស្រុក ក្នុងឆ្នាំ ២០២២ ដោយអត្រាគ្របដណ្តប់បានកើនឡើងពី ២៦,៥% ក្នុងឆ្នាំ ២០១៨ ដល់ប្រមាណ ៤២% នៃចំនួនប្រជាជនសរុបក្នុងឆ្នាំ ២០២២ ដែលការណ៍នេះបានឆ្លុះបញ្ចាំងពីឆន្ទៈ និងកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គមកម្ពុជា ឱ្យកាន់តែប្រសើរឡើងប្រកបដោយបរិយាបន្ន។

លោកស្រីបន្ថែមទៀតថា ចំណាយនេះ គិតមិនទាន់រាប់បញ្ចូលកម្មវិធីជំនួយសង្គមមួយចំនួនទៀត ពាក់ព័ន្ធនឹងការឆ្លើយតបនឹងគ្រោះអាសន្ន ដូចជា ប្រព័ន្ធស្បៀងបម្រុង, កម្មវិធីបណ្ដុះបណ្ដាលសម្ថភាពជំនាញវិជ្ជាជីវៈ និងការជួយកម្មករព្យួរកិច្ចសន្យាការងារ, ការឧបត្ថម្ភសាច់ប្រាក់ជូនកម្មករក្រោយបិទខ្ទប់, និងកម្មវិធីឧបត្ថមសាច់ប្រាក់ជូនគ្រួសារជួបការលំបាកក្រោយការបិទខ្ទប់នោះទេ ដែលអាចមានចំណាយប្រមាណ ៥% នៃផលិតផលក្នុងស្រុកសរុប៕image

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds