ឯកឧត្តម ហេង សួរ៖ ការជ្រើសរើសបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនរបស់វិទ្យាស្ថានប៉េ អេស អឺ(PSE)ជាជម្រើសដ៏ត្រឹមត្រូវ និងឆ្លាតវៃ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងកោតសរសើរដល់វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹមនៃកុមារ ចំពោះការជ្រើសរើសការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនកម្ពុជា ដែលមានជីវភាពខ្វះខាតឱ្យមានជំនាញជាក់លាក់ ក្នុងរយៈពេលខ្លី ហើយទទួលបានឱកាសការងារសមរម្យ ដើម្បីលើកស្ទួយជីវភាពគ្រួសារ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស និស្សិតរបស់វិទ្យាស្ថានប៉េ អេស អឺនៃអង្គការដើម្បីភាពញញឹមនៃកុមារនាព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមឯកឧត្តម ហេង សួរ បានវាយតម្លៃចំពោះជម្រើសនៃការបណ្តុះបណ្តាលជំនាញថា ជាចក្ខុវិស័យដ៏ត្រឹមត្រូវ និងវ័យឆ្លាតដែលវិទ្យាស្ថានបានដាក់ចេញយ៉ាងសាកសមបំផុតសម្រាប់យុវជនកម្ពុជាដែលខ្វះលទ្ធភាព សិក្សាបានតិចតួច ឬបោះបង់ចោលការសិក្សា ឱ្យមានជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីជាស្ពានចម្លងជីវិតឱ្យមានជីវភាពល្អប្រសើរ ទទួលបានប្រាក់ចំណូលឆាប់រហ័សដើម្បីជួយខ្លួនឯង ជួយក្រុមគ្រួសារ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា បេសកកម្មរបស់វិទ្យាស្ថានប៉េ អេស អឺ មានទស្សនៈវិស័យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដោយបានកំណត់ទិសដៅជាអាទិភាពក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរក្នុងរយៈពេលខ្លី តាមរយៈជំនាញ ហើយកម្មវិធីថ្នាក់ជាតិនេះ កំពុងតែត្រូវបានអនុវត្តដោយយកចិត្តទុកដាក់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការក្នុងគោលបំណងប្រែក្លាយកម្ពុជាពីប្រទេសអតិពលកម្មទៅជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ។

មួយវិញទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងកោតសរសើរដល់យុវជនដែលកំពុងសិក្សា និងជាអតីតសិស្ស និស្សិតនៅវិទ្យាស្ថានប៉េ អេស អឺ ទាំងអស់ដែលបានជ្រើសរើសជំនាញបច្ចេកទេសវិជ្ជាជីវៈជាស្ពានចម្លងសម្រាប់អនាគត។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ជំនាញបច្ចេកទេសវិជ្ជាជីវៈ គឺជាជម្រើសមួយផ្សេងទៀតដែលមានរយៈពេលខ្លី មានជំនាញលឿនដែលអាចបំពេញតម្រូវការសម្រាប់គ្រួសារនីមួយៗឆាប់រហ័ស ហើយជំនាញនេះទៀតសោត ក៏មានភាពបត់បែនដែលអាចឱ្យអ្នកសិក្សាអាចបន្តដល់ថ្នាក់ឧត្តមសិក្សាបន្ថែមទៀតបានផងដែរ៕May be an image of 1 person and textMay be an image of 4 people, dais and textMay be an image of 13 people, dais and textMay be an image of 3 peopleMay be an image of 5 peopleMay be an image of 4 people and people smilingMay be an image of 9 people, dais and textMay be an image of 3 people

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds