កម្ពុជាបង្ហាញការដោះស្រាយលើការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យសំណង់ពិតជាមានសារៈសំខាន់ជាសកល

ថ្លែងនៅវេទិកាពិភពលោក ស្តីពីសំណង់ និងការប្រែប្រួលអាកាសធាតុ រៀបចំដោយ UNEP និង ក្រសួងបរិស្ថាននៃប្រទេសបារាំង កាលពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ នៅប្រទេសបារាំង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អះអាងថា កិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់កម្ពុជា ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ក្នុងវិស័យសំណង់ ពិតជាមានសារៈសំខាន់និងសម្រេចបានតាមរយៈផែនការសកម្មភាព។

ផែនការសកម្មភាពរួមមានដូចជា៖ ទី១ ការអនុម័ត និងការអនុវត្តផែនការសកម្មភាពប្រព័ន្ធត្រជាក់ជាតិ.
ទី២ ការអភិវឌ្ឍស្តង់ដារសំណង់ និងហេដ្ឋារចនាសម្ព័ន្ធធន់នឹងការប្រែប្រួលអាកាសធាតុ និង
ទី៣ ការពង្រឹងការយល់ដឹងជាសាធារណៈ និងការអភិវឌ្ឍសមត្ថភាពក្នុងការអនុវត្តគោលលនយោបាយ និងសកម្មភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។
ទី៤ ការលើកកម្ពស់ការធ្វើផែនការប្រើប្រាស់ដីសម្រាប់ផ្ទះក្នុងទីក្រុង និងសំណង់អគារ ដែលសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ សម្រាប់អ្នកដែលមានប្រាក់ចំណូលទាប និងអ្នកគ្មានផ្ទះសម្បែង។
និងទី៥ ផ្តល់ហិរញ្ញប្បទានអាកាសធាតុទាន់ពេលវេលា សម្រាប់ការបន្សាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរ ថា កម្ពុជាប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈពង្រឹងការអនុវត្តការសាងសង់ប្រកបដោយនិរន្តរភាព និងប្រកបដោយការទទួលខុសត្រូវចំពោះបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ឧស្សាហកម្មសំណង់ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ហើយកម្ពុជា បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ជំរុញឱ្យមានការសហការជាសកល សម្រាប់អនាគតកម្ពុជាបៃតង និងធន់ជាងមុន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា កម្ពុជាទទួលស្គាល់សារៈសំខាន់នៃសេចក្តីប្រកាស DE CHAILLOT ហើយកំពុងទទួលបានការអនុម័តជាផ្លូវការ តាមរយៈក្រសួងការបរទេសនៃប្រទេសនានា ដើម្បីរួមគ្នាកសាងកេរ្តិ៍ដំណែល និងសុខុមាលភាពប្រកបដោយនិរន្តរភាពសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគតកាល៕May be an image of 8 people, newsroom and textMay be an image of 8 people, newsroom and textMay be an image of 8 people, newsroom and text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds