NEA និង RULE សហការគ្នារៀបចំវេទិកាការងារនាំយកក្រុមហ៊ុនធំៗ២២ទៅរើសបុគ្គលិកភ្លាមៗជាង​២​ពាន់នាក់

នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) បានសហការរៀបចំឡើងនូវ វេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី៖ “ការត្រៀមខ្លួនចូលទីផ្សារការងារ” ដោយនាំយកក្រុមហ៊ុន/សហគ្រាសធំៗចំនួន ២២ ផ្តល់ឱកាសការងារចំនួន ២ ៥២៥ កន្លែងសម្រាប់និស្សិត និងអ្នកស្វែងរកការងារធ្វើ នៅបរិវេណសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចាប់ពីម៉ោង​ ៨​ព្រឹក ដល់​ ៥ល្ងាច។ ក្រៅពីទទួលបានឱកាសការងាររាប់ពាន់កន្លែង យុវជន និងនិស្សិតទាំងអស់ ក៏អាចចូលរួមក្នុងសិក្ខាសាលា ដែលមានការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗពីសំណាក់វាគ្មិនជំនាញៗ ពីសារៈសំខាន់នៃការត្រៀមខ្លួនចូលទីផ្សារការងារផងដែរ។

លោកស្រី អ៊ូច ជាចន្ទ័មល្លិកា ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា វេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពីការត្រៀមខ្លួនចូលទីផ្សារការងារ នេះ គឺជាផ្នែកមួយនៃយន្តការផ្ដល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ព័ត៌មានអំពីទីផ្សារការងារ ក៏ដូចជាការនាំយកឱកាសការងារឲ្យកាន់តែខិតជិតដល់យុវជន​ និងអ្នកស្វែងរកការងារ ដើម្បីបង្កើនលទ្ធភាពនៃការទទួលបានការងារកាន់តែឆាប់រហ័ស។

សម្រាប់ យុវជន សិស្ស-និស្សិត និងសាធារណៈជនទូទៅដែលមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារកុំភ្លេចចូលរួម ដាក់ពាក្យសម្ភាសជាមួយតំណាងក្រុមហ៊ុនដោយផ្ទាល់ ហើយកុំភ្លេចរៀបចំខ្លួនឲ្យបានសមរម្យ មុននឹងចូលសម្ភាស ដោយភ្ជាប់ជាមួយនឹងប្រវត្តិរូបរបស់ខ្លួន (CV) ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds