ប្រទេសថៃ ជួយសម្រួលដល់ការផ្ទេរជនរងគ្រោះ ដោយការឆបោកជនជាតិចិនចំនួន៩០០នាក់ ពីប្រទេសមីយ៉ាន់ម៉ា ទៅប្រទេសចិន
BANGKOK កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin បាននិយាយថា ប្រទេសថៃបានជួយសម្រួលដល់ការផ្ទេរជនជាតិចិនប្រមាណ ៩០០នាក់ ដែលជាប់នៅក្នុងមជ្ឈមណ្ឌលឆបោកក្នុងទីក្រុងជាប់ព្រំដែនមីយ៉ាន់ម៉ា ដើម្បីត្រឡប់ទៅប្រទេសចិនវិញ ។
បើយោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា តំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសមីយ៉ាន់ម៉ា បានក្លាយជាមជ្ឈមណ្ឌលសម្រាប់ទូរគមនាគមន៍ និងការក្លែងបន្លំតាមប្រព័ន្ធអ៊ុីនធើណែត ដោយមានមនុស្សរាប់សែននាក់ត្រូវបានជួញដូរដោយក្រុមឧក្រិដ្ឋជន និងបង្ខំឲ្យធ្វើការនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់ និងប្រតិបត្តិការខុសច្បាប់ផ្សេងទៀត។
ប្រតិបត្តិការដែលនគរបាលថៃនិយាយថា បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន និងត្រូវបានបញ្ចប់កាលពីថ្ងៃសៅរ៍ ពាក់ព័ន្ធនឹងការដឹកជញ្ជូនជនជាតិចិនពីទីក្រុង Myawaddy នៃប្រទេសមីយ៉ាន់ម៉ាទៅកាន់អាកាសយានដ្ឋានមួយនៅក្នុងស្រុក Mae Sot ព្រំដែនថៃ ជាកន្លែងដែលពួកគេត្រូវបានផ្ទេរទៅកាន់យន្តហោះចិន។
លោកនាយករដ្ឋមន្ត្រី Srettha បានថ្លែងថា “នេះជាប្រតិបត្តិការស្ម័គ្រចិត្តរួមគ្នារវាងប្រទេសចំនួនបីមាន ចិន មីយ៉ាន់ម៉ា និងថៃ”។
លោក Srettha បាននិយាយថា “ដំណើរការនេះធ្វើឡើងដោយស្ម័គ្រចិត្ត និងដោយឈរលើគោលការណ៌មនុស្សធម៌ មិនត្រូវបានបង្ខិតបង្ខំឡើយ” ដោយបន្ថែមថា ប្រទេសថៃបានសម្រួលដល់ការផ្ទេរជើងហោះ ហើរនៅ Mae Sot ៕
