NEA សហការជាមួយ RULL រៀបចំវេទិកាការងារនៅថ្ងៃទី៦ នេះ ដោយនាំយកឱកាសការងារជាង២៥០០កន្លែង

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នឹងរៀបចំវេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី៖ “ការត្រៀមខ្លួនចូលទីផ្សារការងារ” នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នាពេលខាងមុខនេះ នៅទីតាំងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ល្ងាច ដោយនាំយកក្រុមហ៊ុនធំៗ ចំនួន២៥ ជាមួយនឹងឱកាសការងារចំនួន ២៥២៥ កន្លែងសម្រាប់ផ្តល់ជូនសិស្ស/នសិ្សត និងអ្នកស្វែងរកការងារ។

លោកស្រី វង វណ្ណារី មន្ត្រីជ្រើសរើសបុគ្គលិកជាន់ខ្ពស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK មើលឃើញថា វេទិកាការងារតាមសាកលវិទ្យាល័យគឺជាយុទ្ធសាស្ត្រមួយទៀតរបស់ NEA ក្នុងការនាំយកឱកាសការងារទៅកាន់និស្សិតដែលកំពុងសិក្សាហើយពុំមានពេលវេលាគ្រប់គ្រាន់ដើម្បីស្វែងរកការងារធ្វើ។ លោកស្រីបញ្ជាក់ថា៖ «នាងខ្ញុំពិតជាសរសើរ NEA ណាស់ដែលបានរកគ្រប់វិធីសាស្ត្រជាច្រើនសំដៅជួយដល់និស្សិតឱ្យបានស្គាល់ពីក្រុមហ៊ុន ពិសេសបានដឹងពីព័ត៌មានទីផ្សារការងារ»។

លោក រ៉េត សាគា ប្រធានផ្នែកជ្រើសរើសបុគ្គលិក និងផ្សព្វផ្សាយក្រុមហ៊ុន ធនាគារឯកទេស អ៊ីអន ( ខេមបូឌា) ភីអិលស៊ី លើកឡើងថា ធនាគារពិតជាមានអារម្មណ៏សប្បាយរីករាយ ដែលបានសហកាយ៉ាងជិតស្និទ្ធជាមួយ NEA ក្នុងកម្មវិធីវេទិកាការងារផ្សេងៗ និងនៅតាមសាកលវិទ្យាល័យ និងវិទ្យាស្ថានផ្សេងៗផងដែរ។ លោក សាគា បន្ថែមថា៖ «ខ្ញុំមើលឃើញថាវេទិកាការងារតាមបណ្តាគ្រឹះស្ថានអប់រំនានាគឺជារបត់ថ្មីមួយក្នុងការនាំយកឱកាសការងារដល់កន្លែងសម្រាប់សិស្សនិស្សិត ពិសេសសកម្មភាពការងារដែលសម្របសម្រួលដោយNEA គឺមានលទ្ធផលល្អ និងការសហការយ៉ាងកក់ក្តៅផងដែរពីគ្រប់ភាគីទាំងវិស័យរដ្ឋ និងឯកជន»។

យុវជន សិស្ស/និស្សិត ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារ សូមត្រៀម CV ដើម្បីដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំង ២២។ យុវជន ក៏អាចចូលរួមក្នុងសិក្ខាសាលា ដែលនឹងមានការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗពីសំណាក់វាគ្មិនជំនាញៗ ពីសារៈសំខាន់នៃការត្រៀមខ្លួនចូលទីផ្សារការងារផងដែរ។

ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤ / ០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds