នាយករដ្ឋមន្ត្រីកម្ពុជា-ម៉ាឡេស៊ី ជឿជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំ

ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato’ Seri Anwar Bin Ibrahim) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ក្នុង​ឱកាស​នៃ​ដំណើរ​បំពេញ​ទស្សន​កិច្ច​ផ្លូវការ នៅប្រទេសម៉ាឡេស៊ី។ ក្នុងជំនួបនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាន​ផ្តាំ​ផ្ញើការ​សួរសុខទុក្ខជូនចំពោះ សម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋ​មន្រ្តី​នៃកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នា​ឱកាស​នេះ ទំនាក់ទំនងទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែរីកចម្រើន និង រឹងមាំបន្ថែមទៀត។

សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារទ្វេភាគីនេះ និងបាន​ថ្លែង​អំណរ​គុណ​ចំពោះ​ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេចធិបតី និងគណ:ប្រតិភូ នាឱកាសនេះ។ សម្តេចធិបតី បានបញ្ជាក់ផងដែរថា តាម​រយៈ​ការ​ធ្វើ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់ឯកឧត្តមនាយករដ្ឋមន្ត្រីកាលពីខែមីនា ឆ្នាំមុន និងដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​សម្តេច​ធិបតី នាឱកាសនេះ នឹងរួមចំណែកក្នុងការធ្វើឱ្យទំនាក់ទំនងដ៏យូរលង់រវាងកម្ពុជា-ម៉ាឡេស៊ី កាន់​តែ​ស៊ី​ជម្រៅថែមទៀត។

សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និង​បាន​ផ្លាស់​ប្ដូរ​យោបល់​ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ដែលរួមមាន៖ វិស័យនយោបាយ ការ​ពារជាតិ សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការងារ ឧស្សាហកម្មអាហារហាឡាល់ ទូរ​គមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល និងសន្តិសុខថាមពល។ ក្នុងជំនួបនេះ សមភាគី​ទាំង​ពីរ ក៏បាន​ពិភាក្សា​ក្នុង​ការ​ពិនិត្យ​លទ្ធភាព​ពង្រីក​នូវ​ជើងហោះហើរ​ផ្ទាល់​ពីម៉ាឡេស៊ី​ទៅ​កាន់​តំបន់​ទេសចរណ៍​សំខាន់ៗកម្ពុជា ដូចជាខេត្តសៀមរាប ផងដែរ។

ដោយឡែកក្នុងក្របខ័ណ្ឌ នៃវិស័យការពារជាតិ និង​សន្ដិសុខ សមភាគីទាំងពីរ បានឯកភាពលើការបន្តជំរុញនូវកិច្ចសហប្រតិបត្តិការរួមមាន៖ ការ​បណ្តុះ​បណ្តាល​ធន​ធានមនុស្ស ការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងការធ្វើលំហាត់រួមគ្នា។ ដោយ​ឡែក លើវិស័យសន្តិសុខថាមពល សមភាគីទាំងពីរ ក៏​បាន​ឯកភាព​ក្នុង​ការ​គាំទ្រ​ការ​សម្រប​សម្រួល​សម្រាប់​គម្រោង​ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ (ឡាវ-កម្ពុជា-សិង្ហបុរី) ដោយឆ្លងកាត់​បាត​សមុទ្រ​របស់​ប្រទេស​ម៉ាឡេស៊ី។

ជាងនេះទៅទៀត សមភាគីទាំងពីរបានឯកភាពក្នុងការពិនិត្យលទ្ធភាពរៀបចំកិច្ចប្រជុំ នៃ​គណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) នាពេលខាងមុខ ដែល​ដឹកនាំ​រួមគ្នា​ដោយ​រដ្ឋមន្ត្រី​ការ​បរទេសនៃប្រទេសទាំងពីរ។ ជាទីបញ្ចប់ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវសុទិដ្ឋិនិយមថា ទំនាក់​ទំនងរវាងកម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែរឹងមាំ និងអាចឈានដល់កម្រិតទំនាក់ទំនងខ្ពស់បន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds