នាយឧត្តមសេនីយ៍ ទៀ សីហា៖ កម្ពុជាគ្មានការរាថយក្នុងការបរិច្ចាគកម្លាំងរបស់ខ្លួន សម្រាប់រក្សាសន្តិភាពក្រោមឆត្រUN ឡើយ

ភ្នំពេញ៖​ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអះអាងជាថ្មីម្តង ទៀតថា រាជរដ្ឋាភិបាលកម្ពុជានឹងគ្មានការរាថយនោះឡើយ ចំពោះការបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួន ទៅ​កាន់​សហគមន៍អន្តរជាតិតាមរយៈអង្គការសហប្រជាជាតិ(UN) បើទោះបី​បច្ចុប្បន្ន​ស្ថានការណ៍​នៅ​ក្នុង​តំបន់​មួយ​ចំនួនកំពុងជួបបញ្ហាអសន្តិសុខក៏ដោយនោះ។

ការថ្លែងរបស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ​ក្នុង​ឱកាស​អញ្ជើញចូល​រួម​ពិធី​ទទួល​ដំណើរ​មាតុភូមិនិវត្តន៍កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨២៧ និងកងកម្ទេច​គ្រឿង​ផ្ទុះ​លេខ​៩៨ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាពក្រោឆត្រអង្គការសហប្រជាជាតិនៅលីបង់ និង​អាហ្វ្រិក​កណ្តាល នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងការពារជាតិ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បាន​ដាក់​ចេញ​កម្ម​វិធីនយោបាយជាអាទិភាពក្នុងការបន្តចូលរួមបេសកកម្មរក្សាសន្តិភាព នៅក្នុងក្របខណ្ឌ អង្គការ​សហ​ប្រជាជាតិ ដើម្បីរួមចំណែកជាមួយសហគមន៍អន្តរជាតិ ស្វែងរកសន្តិភាពជូនប្រទេសដទៃនៅ លើពិភព​លោក ដែលប្រជាជនកំពុងតែរងគ្រោះ រងទុក្ខលំបាកដោយសារសង្រ្គាម។

រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា«ទោះបីស្ថានការណ៍សន្តិសុខក្នុងតំបន់បេសកកម្ម ដែល​កម្លាំង​រក្សា​សន្តិភាពកម្ពុជាឈរជើងបាននិងកំពុងប្រឈមជារៀងរាល់ថ្ងៃ ជាលក្ខណៈ​ប្រពៃណីផង និង​មិន​ប្រពៃណី​ផង ដែលបង្កឡើងដោយតួអង្គមិនមែនរដ្ឋ, ការយុទ្ធប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធនា នាការ​វាយ​ប្រហារ ពួនស្ទាក់ ឬគ្រោះថ្នាក់ដោយជំងឺឆ្លង និងជំងឺកាចសាហាវនានាក្តី ប៉ុន្តែរាជរដ្ឋាភិបាល កម្ពុជា​នៅ​តែប​ន្ត​បរិច្ចាគកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ ដើម្បីរួមវិភាគទាន ដល់​កិច្ច​ប្រឹងប្រែង​របស់​សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌ពិភពលោក»។

នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា រាជរដ្ឋាភិបាល​ខិតខំ​លើក​កម្ពស់​កិត្តិយស​កម្ពុជា​ដើរ​តួនាទី​ឲ្យកាន់តែសកម្មបន្ថែមទៀត ដោយស្មើភាព ស្មើសិទ្ធិជាមួយប្រទេសនានានៅ គ្រប់កិច្ចការ​ក្នុង​តំបន់ និងនៅលើឆាកអន្តរជាតិ ដែលជាឧត្តមភាពដ៏ចាំបាច់បំផុតដល់កិច្ចអភិវឌ្ឍប្រទេសជាតិ និង​បាន​ប្តេជ្ញា​ចិត្ត​បញ្ជូន​កងរក្សាសន្តិភាពកម្ពុជាក្នុងបេសកកម្ម ជាសេនាធិការសង្កេតការណ៍យោធា និងមេបញ្ជា​ការ​ជានារី​រហូត​ដល់​ ២០ភាគរយ តាមសំណូមពររបស់អង្គការសហប្រជាជាតិ និងបានខិតខំកែ លម្អ​ការងារ​គ្រប់គ្រង ពង្រឹងសមត្ថភាពធនធានមនុស្ស បង្កើនចំនួនចូលរួមជាស្រ្តីឲ្យស្របទៅនឹងទស្សនៈ យ៉ែនឌ័រ បញ្ចូលគ្នានៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាដើម។

នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានថ្លែងអំណរគុណ និង វាយ​តម្លៃ​ខ្ពស់​ចំពោះកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨២៧ និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨ និង កង​កម្លាំង​មុន​ៗ​ទៀត ពិតជាបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រឹង និងពង្រីកកិច្ច សហ​ប្រតិបត្តិការល្អជាមួយប្រជាជាតិទូទាំងពិភពលោក ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព ការ​អភិវឌ្ឍ​ប្រកប​ដោយចីរភាព និងវិបុលភាពរបស់ពិភពលោកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds