តារា TikTok ដែលល្បីរឿងធ្វើម្ហូបជនជាតិចិនឈ្មោះ ប៉ាហ្វីដូ (PaFiDo) បានបើករថយន្ដស៊េរីទំនើបបុកអ្នកជិះម៉ូតូម្នាក់ស្លាប់ភ្លាមៗ

តារា TikTok ដែលល្បីរឿងធ្វើម្ហូបជនជាតិចិនឈ្មោះ ប៉ាហ្វីដូ (PaFiDo) បានបើករថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Lamborghini ពាក់ផ្លាកលេខកម្ពុជា F.R.999 បុកអ្នកជិះម៉ូតូម្នាក់ស្លាប់ភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើងនៅយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៉ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ដើមឡើយគេឃើញរថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Lamborghini ពណ៌លឿង ពាក់ផ្លាកលេខកម្ពុជា F.R.999 ដែលអ្នកបើកទំនងក្នុងស្ថានភាពស្រវឹង បើកបរក្នុងល្បឿនលឿន បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1V-9127 ជាអ្នកដឹកម្ហូបតាមអនឡាញ បណ្ដាលឲ្យស្លាប់ភ្លាមៗ។

ក្រោយកើតហេតុ រថយន្ដបង្កមិនបានឈប់ដើម្បីទទួលខុសត្រូវតាមផ្លូវច្បាប់នោះទេ ពោលបានបើករត់គេចរហូតដល់ផ្លូវឌួងងៀប ហើយអ្នកបើករថយន្ដដែលត្រូវបានគេស្គាល់ជា តារា TikTok ឈ្មោះ ប៉ាហ្វីដូ បានចុះពីលើរថយន្ដបង្កឡើងទៅជិះរថយន្ដផ្សេងមួយទៀត ម៉ាក BMW ពាក់ផ្លាកលេខកម្ពុជា MR.TOMI ប៉ុន្ដែត្រូវបានសមត្ថកិច្ចមូលដ្ឋានដេញតាមឃាត់ត្រឡប់មកវិញ។

បច្ចុប្បន្នជនបង្ក រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ខណៈសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds