ស្អែកនេះ!គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ពីចាក់អង្រែក្រោម-ព្រែកប្រានឹងបើកការដ្ឋានផ្លូវការ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ គណៈប្រតិភូក្រសួង ចុះពិនិត្យទីតាំងត្រៀមរៀបចំប្រារព្ធពិធីបើកការដ្ឋានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាព្រឹកស្អែក ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
នៅក្នុងការចុះត្រួតពិនិត្យនាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបផ្សេងទៀតផងដែរ។
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីសង្កាត់ចាក់អង្រែក្រោម នៃខណ្ឌមានជ័យ ទៅកាន់សង្កាត់ព្រែកប្រា នៃខណ្ឌច្បារអំពៅ មានប្រវែង ៨៤៥,៧០ម៉ែត្រ ព្រមទាំងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ នេះ នឹងក្លាយជាស្ពានឆ្លងកាត់ទន្លេទី៨ ដែលស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
គួររម្លឹកដែរថា ស្ពានឆ្លងកាត់ទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលកំពុងបើកឱ្យដំណើរការនាពេលបច្ចុប្បន្ន រួមមានដូចជា៖
១. ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារ
២. ស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារ
៣. ស្ពានព្រះមុនីវង្ស ច្បារអំពៅ (ទី១)
៤. ស្ពានព្រះមុនីវង្ស ច្បារអំពៅ (ទី២)
៥. ស្ពានព្រែកព្នៅ មហាវិថី ឈ្នះ ឈ្នះ
៦. ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប ប្ញស្សីកែវ
៧. ស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ។
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds