Detail Top Banner – Loto

នគរបាលជាតិបង្ក្រាបបទល្មើសព្រហ្មទណ្ឌជិត៧០ករណី ឃាត់ខ្លួនមនុស្សជាង៩០នាក់ ក្នុងរយៈពេលមួយសប្ដាហ៍!

ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអោយដឹងថា រយៈពេលពេញមួយសប្ដាហ៍កន្លងមកនេះ ពោលគឺចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ដល់ថ្ងៃទី១១ ខែកម្ភៈ ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌនៅទូទាំងប្រទេស បានចំនួន៦៨ករណី ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៩១នាក់។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា ក្នុងប្រតិបត្តិការទាំង៦៨ករណីនេះ សមត្ថកិច្ចនគរបាលជាតិ ធ្វើប្រតិបត្តិការបង្ក្រាបលើដែនដីរាជធានីខេត្តចំនួន១៦ រួមមាន ភ្នំពេញ កណ្ដាល ព្រៃវែង ស្វាយរៀង កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង កំពត កោះកុង ក្រចេះ ត្បូងឃ្មុំ ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ មណ្ឌលគិរី និងខេត្តតាកែវ។
បើតាមលោក ទូច សុឃៈ (សុខៈ) បល្មើសដែលបានកើតឡើង រួមមាន អំពើហិង្សា លួច ប្លន់ រំលោភសេពសន្ថវៈ បំពានផ្លូវភេទ និងឃាតកម្មជាដើម។ ក្នុងនោះ បទល្មើសដែលកើតច្រើនជាងគេ គឺហិង្សា ដែលមានចំនួន៣០ករណី។ បន្ទាប់មកបទល្មើសលួច ចំនួន១៨ករណី។ ចំណោមបទល្មើសដែលកើតឡើងនេះ ក៏មានបទល្មើសឃាតកម្មដែលជាបទឧក្រិដ្ឋចំនួន៧ករណីផងដែរ។
ស្របតាមគន្លងនៃការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦, រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្របដោយភាពស្វាហាប់ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបន្តយកចិត្តទុកដាក់ជំរុញ និងអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។ គោលនយោបាយនេះ បានកំណត់ពីការគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង នៅគ្រប់ភូមិ-ឃុំ-សង្កាត់។
ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ គឺឈរលើច្បាប់ គោលការណ៍ដឹកនាំ និងនយោបាយសន្តិសុខ ជាពិសេស ឈរលើទិសដៅអាទិភាពទាំង៦ ដែលដាក់ចេញដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាដើមនីតិកាលទី៧ នៃរដ្ឋសភា រួមមាន បញ្ហាគ្រឿងញៀន ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង ការជួញដូរមនុស្ស និងបញ្ហានានាតាមបន្ទាត់ព្រំដែនគោកនិងទឹក៕May be an image of 2 people
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds