Detail Top Banner – Loto

១ខែដើឆ្នាំ២០២៤ កម្ពុជាទទួលបានប្រាក់ចំណូលជាង $១២១ លានពីការនាំចេញកៅស៊ូ

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជា បានអោយដឹងថា កម្ពុជាទទួលបានប្រាក់ចំណូលជាង ១២១ លានដុល្លារ (១២១.១៩៧.០០០) ពីការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូនៅក្នុងរយៈពេល១ ខែមករា ឆ្នាំ ២០២៤ ចំនួនេះកើនឡើង ១២៣.៥% បើធៀបរយៈពេលដូចគ្នាឆ្នាំ​ ២០២៣។

​ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជា​លោក ម៉ែន សុភ​ក្ដិ បានអោយដឹងថា ​តម្លៃកៅស៊ូបច្ចុប្បន្នលក់បានជាង ១.៤០០ ដុល្លារក្នុង១ តោន។ លោកថា ការនាំចេញមានដំណើរការល្អ ខណៈ​កំណើននាំចេញកៅស៊ូកើនឡើង ​ដោយសារផ្ទៃដីពេញវ័យ​របស់កៅស៊ូឱ្យផលកើនឡើង​ដែល​មាន​ការបើកជៀជ័រច្រើន ​ទើបធ្វើឱ្យបរិមាណផលិត​ផលក៏កើន​ឡើងដែរ។

កសិករដាំកៅស៊ូ នៅភូមិមាឃ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ​លោក អោក សាវឿន ​បានឱ្យដឹងថា តម្លៃជ័រកៅស៊ូលោកលក់បាន ២ ១០០ រៀល ក្នុង១គីឡូ (០១ថ្ងៃថ្លឹង) ខណៈ១ យប់បាន ២.២០០។ លោកថា តម្លៃនៅឆ្នាំនេះ មានភាពនឹងនរល្អ មិនដូចឆ្នាំមុនៗ ឡើងចុះគ្រប់ពេលវេលាដែល​ពេលខ្លះលក់បានតែ ១.៨០០ រៀល ក្នុង១ គីឡូ (០១ថ្ងៃថ្លឹង)។

ទោះជាយ៉ាងណា លោកបញ្ជាក់ថា តម្លៃនេះ សម្រាប់រូបលោក គឺអាចទប់ទល់បាន ប៉ុន្តែមិនអាចឱ្យ​ចំណេញ​ច្រើននោះ​ទេ ដោយសារលោកត្រូវចំណាយទៅលើការទិញជី ថ្នាំ និងកម្លាំង​ពលកម្ម​ផ្សេងៗ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទំហំផ្ទៃដីដាំកៅស៊ូក្នុងឆ្នាំ ២០២៣ សរុបជាង ៤០ ម៉ឺនហិកតា។ របាយការណ៍របស់​អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជាបង្ហាញថា នៅក្នុងឆ្នាំ ២០២៣ ការនាំចេញ​កៅស៊ូ និងផលិត​ផល​ធ្វើពីកៅស៊ូទទួលបានទឹកប្រាក់ជាង ៩១៨ លានដុល្លារ (៩១៨ ៨៩៥ ០០០) កើនឡើងជិត ៧០ ភាគរយ ធៀបនឹងឆ្នាំ ២០២២៕​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds