Detail Top Banner – Loto

ឃាត់ខ្លួនក្មេងទំនើង៥០នាក់ ក្នុងប្រតិបត្តិការបង្ក្រាបចំនួន៨ករណីកំឡុងចូលឆ្នាំចិន!

ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ អះអាងថា គិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ពោលគឺកំឡុងចូលឆ្នាំចិនចុងសប្ដាហ៍នេះ កម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបង្ក្រាបក្រុមក្មេងទំនើងទូទាំងប្រទេសចំនួន៨ករណី និងឃាត់ខ្លួនចំនួន៥០នាក់។
លោក ទូច សុឃៈ (សុខៈ) បញ្ជាក់ថា ករណីក្មេងទំនើងបង្កបញ្ហា កើតឡើងក្នុងដែនដីរាជធានីខេត្តចំនួន៤ គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល ពោធិសាត់ និងខេត្តបាត់ដំបង។ ក្នុងនោះ ខេត្តបាត់ដំបង កើតឡើងតែ១ករណីប៉ុណ្ណោះ តែឃាត់ខ្លួនក្រុមក្មេងទំនើងរហូតដល់១៨នាក់។ អ្នកនាំពាក្យរង បន្តថា ខេត្តកណ្ដាលកើតឡើង២ករណី ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ខណៈខេត្តពោធិសាត់ ក៏បង្ក្រាបបាន២ករណីដែរ ដោយឃាត់ខ្លួនបានចំនួន១២នាក់ដែរ។
បញ្ហាក្មេងទំនើងនេះ គឺជាទិសដៅអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពការងារទាំង៦ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានដាក់ចេញ តាមទស្សនៈ«អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»។
បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ដែលតែងតែរំលឹកជារឿយៗ ដល់អគ្គស្នងការដ្ឋាននគរជាតិ បណ្ដាស្នងការដ្ឋាន និងតួអង្គពាក់ព័ន្ធ ឱ្យបង្កើនយកចិត្តទុកដាក់ការពារគ្រប់គ្រងសកម្មភាពអវិជ្ជមានរបស់ក្រុមក្មេងទំនើងក្នុងមូលដ្ឋាន និងញែកជា២ គឺវិធានការច្បាប់-ករណីធ្ងន់ត្រូវកសាងសំណុំរឿងទៅតុលាការផ្ដន្ទាទោសតាមច្បាប់។ ចំណែកករណីស្រាលល្មមៗ ត្រូវអនុវត្តវិធានការណ៍អប់រំ-ដោយប្រើយន្តការផ្សេងៗ និងការធ្វើកិច្ចសន្យាមានការធានាពីអាណាព្យាបាល ដើម្បីបញ្ឈប់សកម្មភាពមិនប្រក្រតីទាំងនោះ។
លោកបន្តទៀតថា ក្នុងនោះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏ជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ចទាំងអស់អនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ នូវគោលនយោបាយភូមិ-ឃុំ- សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា៕
May be an image of 1 person, newsroom and text
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds