Detail Top Banner – Loto

រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន គ្រោះថ្នាក់ចរាចរណ៍ស្លាប់ ២៣នាក់ រងបួស ៤១នាក់​

ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់ ២៣នាក់ ត្រឹមតែរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិនចុងសប្ដាហ៍នេះ ដោយគិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក ទូច សុឃៈ បានបញ្ជាក់ថា ជនរងគ្រោះទាំង ២៣នាក់នោះ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងសរុបចំនួន ៣៥ករណី នៅទូទាំងប្រទេស។ ក្រៅពីបណ្ដាលឱ្យស្លាប់ គ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃនេះ ក៏បានបណ្ដាលឱ្យមានរបួសចំនួន ៤១នាក់ផងដែរ ទាំងរបួសធ្ងន់ និងស្រាល ដែលមកដល់ពេលនេះ មានខ្លះកំពុងទទួលការសង្គ្រោះនៅមន្ទីរពេទ្យរដ្ឋ និងឯកជននៅឡើយ ខ្លះកំពុងសម្រាកព្យាបាលតាមផ្ទះ។

បើតាមលោក ទូច សុឃៈ បានកត់សម្គាល់ថា ថ្ងៃទី១១ ជាថ្ងៃទី១ កើតគ្រោះថ្នាក់ច្រើនជាងគេ មានចំនួន ១៤ករណី បណ្ដាលឱ្យស្លាប់ចំនួន ៩នាក់ និងរបួស ២៤នាក់។ បន្ទាប់មក នៅថ្ងៃទី១០ ជាថ្ងៃកណ្ដាល មានអ្នកស្លាប់ចំនួន៨នាក់ និងរបួស ៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍សរុប ១០ករណី។ ចំណែកថ្ងៃទី៩ ជាថ្ងៃដំបូង មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ១១ករណី ស្លាប់៦នាក់ និងរបួស១១នាក់។

អ្នកនាំពាក្យរង បានបន្តទៀតថា បញ្ហាចរាចរណ៍នៅតែជាកង្វល់ ដែលត្រូវពង្រឹងច្បាប់មិនអាចដើរថយក្រោយ។ បញ្ហានេះជារបៀបវារៈអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦(បញ្ហាគ្រឿងញៀន បញ្ហាចរាចរណ៍ បញ្ហាបទល្មើសព្រហ្មទណ្ឌនានា ករណីក្មេងទំនើង ការជួញដូរមនុស្ស និងបញ្ហានានាតាមបន្ទាត់ព្រំដែនទាំងគោក និងទឹក) របស់ក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា នៅឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសសរុប ៣,៣១៧លើក (យប់៥៥%) បណ្តាលឱ្យមានអ្នកស្លាប់ ១,៥៩០នាក់ និងរបួស ៤,៥១៥នាក់ (ធ្ងន់២,៧៦៦នាក់)។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា មូលហេតុចម្បងនៃគ្រោះថ្នាក់ទាំងនោះ មានដូចជា បើកបរល្មើសល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំប្រជែងគ្រោះថ្នាក់ កត្តាយាន និងស្រវឹងជាដើម។ ក្នុងចំណោមអ្នកស្លាប់សរុប មានអ្នកជិះម៉ូតូ ៨០% ក្នុងនោះជិះម៉ូតូមានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៦៩%៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds