Detail Top Banner – Loto

ពលរដ្ឋនៅស្រុកប្រាសាទបាគង ប្រារព្ធពិធីចាប់ត្រីរួមគ្នាសម្រាប់ធ្វើម្ហូបត្រៀមឡើងមាឃ ឬឡើងអ្នកតា ដែលជាទំនៀមទម្លាប់ពីបុរាណ

(សៀមរាប)៖ ពលរដ្ឋនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រារព្ធពិធីចាប់ត្រីរួមគ្នាសម្រាប់ធ្វើម្ហូបត្រៀមឡើងមាឃ ឬឡើងអ្នកតា ដែលជាទំនៀមទម្លាប់ពីបុរាណ។

អភិបាលស្រុកប្រាសាទបាគង លោក សូរ ប្លាតុង បានឲ្យដឹងថា ការប្រារព្ធពិធីចាប់ត្រីរួមគ្នានេះ គឺធ្វើឡើងជារៀងរាល់ឆ្នាំ ហើយនៅក្នុងស្រុកប្រាសាទបាគងយើង ពិធីឡើងអ្នកតានេះ មានតាំងពីដូនតាមកហើយ ហើយពិធីនេះក៏មាននៅតាមភូមិផ្សេងៗទៀត ចំពោះការធ្វើក៏មានការខុសៗគ្នាដែរ ដោយតាមភូមិនីមួយៗប្រារព្ធទៅតាមប្រពៃណីទំនៀមទម្លាប់ដូនតាដែលបានបន្សល់ទុក។ ហើយឆ្នាំនេះក៏មានប្រជាពលរដ្ឋមកចូលរួមយ៉ាងច្រើនកុះករផងដែរ។

លោកថា នៅក្នុងសតវត្សទី២១នេះ វិស័យទេសចរណ៍ គឺជាវិស័យមួយដែលរកចំណូលចូលជាតិបានច្រើន ដើម្បីឱ្យទេសចរមកទស្សនាច្រើននោះ យើងត្រូវតែមានអ្វីឲ្យគាត់ទស្សនា ដោយស្រុកប្រាសាទបាគង ជាស្រុកសម្បូរទៅដោយវប្បធម៌ប្រពៃណីច្រើន ដូច្នេះហើយ យើងត្រូវតែគាស់រំលើងនូវវប្បធម៌ប្រពៃណី កាលពីមុនយើងធ្លាប់បានធ្វើរួមមកហើយ តែជាលក្ខណៈតូច ដោយគ្រាន់តែជាការបន្តវេនព្រមានប្រពៃណី និងទំនៀបទម្លាប់តែប៉ុណ្ណោះ។

លោកបន្តទៀតថា លោកនឹងធ្វើការផ្សព្វផ្សាយឲ្យគាត់បានចូលរួមពិធីនេះទៅជាពិធីដែលមានការទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិបន្ថែមទៀតនៅពេលខាងមុខ ដើម្បីឲ្យមកទស្សនាច្រើន ហើយយើងក៏អាចរកចំណូលបានពីពិធីនេះផងដែរ។ លោកបន្តថា ពិធីនេះក្រៅពីការចាប់ត្រី និងពិធីបុណ្យផ្សេងៗ គីចង់ឲ្យទីតាំងនេះមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកម្សាន្តជារៀងរាល់ថ្ងៃ ឬក៏រៀងរាល់សប្តាហ៍ ដើម្បីបានចំណូលដល់បងប្អូនប្រជាពលរដ្ឋ។

លោក សូរ ប្លាតុង បានបន្តថា រដ្ឋបាលស្រុកបានពិភាក្សាជាមួយសហគមន៍បង្កោង និងអាជ្ញាធរភូមិ ឃុំ ដើម្បីរៀបចំជាគម្រោងមួយ ដោយយើងសម្អាតបរិស្ថាន ថែរក្សាព្រៃឈើ និងកម្មវិធីប្រលែងកូនត្រី ហើយដើមឈើធំៗនៅទីនេះ ប្រជាពលរដ្ឋបានចាត់ទុកជាដើមឈើសាកសិទ្ធ ដូច្នេះហើយ យើងយ្រូវថែរក្សា និងទុកដាក់ឲ្យបានល្អ។ លោកបន្តថា ដោយបច្ចុប្បន្នបឹងនេះ មានជម្រៅរាក់ លោកនឹងពិភាក្សាជាមួយនឹងភាគីពាក់ព័ន្ធ ដើម្បីនឹងរៀបចំស្ដារបឹងនេះផងដែរ។

សូមរម្លឹកផងដែរ ពិធីនេះប្រារព្ធឡើង ក្រោយពីបញ្ចប់ការងារច្រូតកាត់ ប្រមូលផលស្រូវរួចរាល់ហើយ ប្រជាពលរដ្ឋក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែប្រារព្ធពិធីចាប់ត្រីសម្រាប់ពិធីឡើងមាឃ ឬឡើងអ្នកតារៀងរាល់ខែមាឃ តាមទម្លាប់មិនដែលអាក់ខាន។ ពិធីចាប់ត្រីរួមគ្នានេះធ្វើឡើងនៅក្នុងបឹងបុរាណមួយ ដែលអ្នកភូមិអភិរក្សត្រីមិនឱ្យមានការនេសាទផ្តេសផ្តាស គឺទុកសម្រាប់តែរកត្រីរួមគ្នាក្នុងឱកាសធ្វើពិធីឡើងមាឃ ឬឡើងអ្នកតាប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds