Detail Top Banner – Loto

របប​យោធាមីយ៉ាន់ម៉ា បុរស និងស្ត្រី​​ដែល​មាន​អាយុ​ចាប់​ពី​១៨ឆ្នាំឡើងទៅ​ត្រូវ​តែ​​ចូល​បម្រើ​នៅ​ក្នុង​ជួរ​កង​ទ័ព​រយៈ​ពេល​ពីរ​ឆ្នាំ

យ៉ាន់​ហ្កន៖ ​ថ្មី​ៗ​នេះ របប​យោធា​​ចាប់​ផ្ដើម​ពង្រឹង​​ច្បាប់​កាតព្វ​កិច្ច​យោធា​ដែល​តម្រូវ​ឱ្យ​អ្នក​គ្រប់​អាយុ​ចូល​បម្រើ​នៅ​ក្នុង​ជួរ​កង​ទ័ព​ត្រូវ​តែ​ទៅ​ចុះ​ឈ្មោះ​ដោយ​ស្ម័គ្រ​ចិត្ត​។ បើ​មិន​ស្ម័គ្រ​​ចិត្ត​ទេ​ក៏​ត្រូវ​តែ​​ចាប់​បង្ខំ​ដែរ​​ដែល​គេ​​​ហៅ​ថា​ «​ចាប់​ទាហាន​»។ យោង​តាម​ច្បាប់​កាតព្វ​កិច្ច​យោធា​នេះ បុរស​​ដែល​មាន​អាយុ​ចាប់​ពី​១៨​-៣៥​ឆ្នាំ​ និង​ស្ត្រី​អាយុ​ចាប់​ពី​១៨-២៧​ឆ្នាំ​ត្រូវ​តែ​​ចូល​បម្រើ​នៅ​ក្នុង​ជួរ​កង​ទ័ព​រយៈ​ពេល​ពីរ​ឆ្នាំ​។ ​​

អ្នក​ដែល​មាន​តម្រិះ​វិជ្ជា​ជំនាញ​ខាង​វិស័យ​អ្វី​មួយ​ ឧទាហរណ៍​ដូច​ជា​​វេជ្ជ​បណ្ឌិត​​ជា​ដើម​ ត្រូវ​បម្រើ​នៅ​ក្នុង​ផ្នែក​កង​ទ័ព​រហូត​ដល់​៣​ឆ្នាំ​។​ មិន​មែន​ឱ្យ​គ្រូ​ពេទ្យ​ឡើង​សមរភូមិ​ទេ ប៉ុន្តែ​ធ្វើ​កិច្ច​ការ​ដែល​ខ្លួន​ចេះ​។ ពេល​ចប់​កុង​ត្រា​៣​ឆ្នាំ​នោះ ពួកគេ​អាច​នឹង​បន្ត​កុង​ត្រា​ថ្មី​ថែម​រហូត​ដល់​គម្រប់​៥​ឆ្នាំ​ទាំង​មុន​ទាំង​ក្រោយ​។​

អ្នក​នាំ​ពាក្យ​របប​យោធា​ភូមា ឧត្ដម​សេនីយ៍​ហ្សា​មីន​ទុន (Zaw Min Tun) ​ថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​រដ្ឋ​ថា​​​ការ​តម្រូវ​ឱ្យ​បំពេញ​កាតព្វ​កិច្ច​យោធា​នេះ​មិន​មែន​តែ​កង​ទ័ព​ទេ ប្រជា​ជន​ទាំង​អស់​ក៏​ត្រូវ​តែ​មាន​កាតព្វ​កិច្ច​​ដូច​គ្នា​ផង​​ដែរ​។ ដូច្នេះ លោក​សូម​យក​ឱកាស​នេះ​​អំពាវ​នាវ​ឱ្យ​ជន​រួម​ជាតិ​​​​​​ចូល​រួម​អនុវត្ត​តាម​ច្បាប់​កាតព្វ​កិច្ច​យោធា​ដោយ​មោទ​ក​ភាព​​ឱ្យ​បាន​គ្រប់​ៗ​គ្នា​។​

ចាប់​តាំ​ងពី​ខែ​តុលា ឆ្នាំ​ទៅ​មិញ របប​យោធា​​តាត​ម៉ាដ័រ (Tatmadaw) បាន​បាត់​បង់​កម្លាំង​អស់​ច្រើន​គួរ​សម​ដោយ​សារ​ការ​ប្រយុទ្ធ​គ្នា​ទល់​នឹង​ក្រុម​សម្ព័ន្ធ​មិត្ត​​ត្រី​ភាគី​​ដែលមាន​៖ ​​ក្រុម​ជន​ជាតិ​ភាគ​តិច, ក្រុម​គាំទ្រ​លោក​ស្រី​ស៊ូជី និង​ពួក​ចលនា​តស៊ូ​ស៊េរី​ចាស់​ៗ​តាំង​ពី​រាប់​​ទសវត្ស​​មក​ហើយ​។​ តាំង​ពី​​ពួក​យោធា​ឡើង​កាន់​អំណាច​​ឆ្នាំ​១៩៦២​ (ក្រោយ​មក​មាន​រដ្ឋាភិបាល​ស៊ីវិល​ត្រឹម​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​​ជំនាន់​លោក​ស្រីស៊ូជី) គេ​​ចាត់​ទុក​ថា​​សង្គ្រាម​លើក​នេះ​ជា​បញ្ហា​ប្រឈម​​ធំ​បំផុត​​ដែល​​ពួក​គេ​ពុំ​ធ្លាប់​ជួប។​​

ដូច​នេះ របប​យោធា​ត្រូវ​ការ​ធ្វើ​កំណែន​កង​ទ័ព​ឱ្យ​បាន​ច្រើ​នថែម​ទៀត​ទុក​សម្រាប់​ត​តាំង​ជា​មួយ​ពួក​តស៊ូ​។ អ្នក​វិភាគ​យល់​ថា​នៅ​ក្នុង​ស្ថាន​ភាព​ទ័ល​មែន​ទែន​ ទោះ​​បី​​បុគ្គលិក​​យោធា​​ដែល​ធ្លាប់​ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ​មិន​ដែល​​កាន់កាំ​ភ្លើង​ក៏​ត្រូវ​​គេ​បង្ខំ​ឱ្យ​ចុះ​ទៅ​ច្បាំង​នៅ​សមរ​ភូមិ​មុខ​ដែរ​។​ តាម​ពិត​ ច្បាប់​​កាតព្វ​កិច្ចយោធា​​​នៅ​ប្រទេស​ភូមា​​ចូល​ជា​ធរ​មាន​​តាំង​ពី​ឆ្នាំ​២០១០​មក​ម៉្លេះ​, ​គ្រាន់​តែ​មិន​សូវ​បាន​អនុវត្ត​​​​ឱ្យ​បាន​ពេញ​លេញ​​​​។ ​​អ្នក​​ដែល​គេច​វេស​​ពី​កាតព្វ​កិច្ច​នេះ​អាច​នឹង​ជាប់​ពន្ធ​​នា​គារ​ប្រាំ​ឆ្នាំ​។

វេជ្ជ​បណ្ឌិត​​ម្នាក់​​​អាយុ​៣១​ឆ្នាំ​រស់​នៅ​ទី​ក្រុង​យ៉ាន់​ហ្កន (Yangon) ប្រាប់​ថា​គាត់​​សុខ​ចិត្ត​ចាក​ចេញ​ពី​ជាតិ​មាតុ​ភូមិ​នេះ​ហើយ​។ គាត់​ដាច់​ខាត​មិន​ធ្វើ​ការ​បម្រើ​របប​យោធា​នេះ​ឡើយ​។​ គាត់​ប្រាប់​ថា​​មើល​ទៅ​គាត់​ប្រហែល​ជា​រស់​នៅ​​លើ​ទឹក​ដី​នេះ​​លែង​បាន​ត​ទៅ​ទៀត​ហើយ​។ បើ​បន្ត​នៅ​ទៀត​ ​យូរ​ឬ​ឆាប់​ពួក​គេ​នឹង​មក​ចាប់​គាត់​​ដល់​ផ្ទះ​ជា​មិន​ខាន​ឡើយ​​។​ បើ​ពួក​គេ​ចាប់​គាត់​ទៅ​ធ្វើ​ការ​ដោយ​បង្ខំ​ គាត់​នឹង​រក​វិធី​រត់​គេច​ខ្លួន​។ ទោះ​ជា​​ក្នុង​កាលៈ​​ទេសៈ​ណា​ក្ដី​​ គាត់​មិន​អាច​​​​លះ​បង់​ជីវិត​​​ដើម្បី​​​បម្រើ​ពួក​គេ​ទេ​។

នារី​ម្នាក់​អាយុ​៣១​ឆ្នាំ​​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​ដែល​កំពុង​ធ្វើ​ការ​ផ្នែក​ធនា​គារ​ប្រាប់​ថា​ខ្លួន​បារម្ភ​ថា​ពួក​យោធា​ចាត់​បញ្ចូល​រូប​នាង​ទៅ​ក្នុង​ផ្នែក​អ្នក​ដែល​មាន​ជំនាញ​វិជ្ជា​ជីវៈ​ ហើយ​បង្ខំ​ឱ្យ​នាង​ធ្វើ​ការ​បម្រើ​ពួក​គេ​។ ​ហេតុ​នេះ​​ នាង​បាន​តាំង​ចិត្ត​រួច​ហើយ​ថា​មិន​ធ្វើ​ការ​បម្រើ​របប​នេះ​ជា​ដាច់ខាត​។​ ​ជម្រើស​ចុង​ក្រោយ​គឺ​មាន​តែ​​​ចាក​ចេញ​ពី​ប្រទេស​ភូមា​ ឬ​​រត់​ទៅ​ចូលរួម​ជា​មួយ​ពួក​​ប្រឆាំង​តែ​​ប៉ុណ្ណោះ​​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds