កំពូលចោមែន លួចម៉ូតូមួយគ្រឿងជិះគេចខ្លួន រលត់តាមផ្លូវ ចូលលួចមួយគ្រឿងទៀត ត្រូវអស់លក្ខណ៍

​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក​ហុងដា​ធូ​ដេ​(​អា​កូន​ទា​)១​គ្រឿង រួច​ជិះ​រត់គេច​ខ្លួន ប៉ុន្តែ​ពេល​ទៅ​ដល់​ពាក់កណ្ដាល​ផ្លូវ ស្រាប់តែ​ម៉ូតូ​រលត់​ម៉ាស៊ីន​ទៅ​មុខ​លែង​រួច បញ្ឆេះ​ក៏​មិន​ឆេះ​សោះ ។ បន្ទាប់​មក​ជនសង្ស័យ​នេះ​បាន​ទុក​ម៉ូតូ​នោះ​ចោល រួច​ដើរ​ចូល​ទៅ​លួច​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ដែល​ម្ចាស់​ចត​ទុក​នៅ​ក្នុងផ្ទះ។

ក្រោយ​ពេល​លួច​បាន​អូស​ចេញ​ប្រុង​ជិះ​គេចខ្លួន ស្រាប់តែ​ម្ចាស់​ទៅ​ទាន់​ស្រែក​ឆោឡោ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ជួយ​ដេញចាប់​បាន​ប្រគល់​ជូន​នគរបាល​ខណ្ឌដង្កោ​ម្ដង ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ក្នុងភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ កុ​ល ពិសិដ្ឋ អាយុ​៤០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

 

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ធូ​ដេ ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ​កណ្តាល 1U-2365 ដែល​ម្ចាស់​ចត​ទុក​ក្នុង​ដី​ឡូត៍​មួយ​កន្លែង ។ លុះ​លួច​បាន​សម្រេច​ជនសង្ស័យ​បាន​ព្យាយាម​ជិះ​រត់គេច​ខ្លួន ប៉ុន្តែ​ពេល​ទៅ​ដល់​ពាក់​កណ្តាលផ្លូវ ស្រាប់តែ​ម៉ូតូ​នេះ​បាន​រលត់​ម៉ាស៊ីន​បញ្ឆេះ​មិន​ឆេះ​មិន​អាច​បន្តដំណើរ​បាន​ទើប​ជនសង្ស័យ​ទុក​ចោល ហើយ​ចូល​ទៅ​លួច​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ដែល​ម្ចាស់​ចត​ទុក​ក្នុងផ្ទះ ខណៈ​ដែល​ម្ចាស់​មិន​នៅផ្ទះ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ក្រោយ​ពេល​លួច​បាន​ជនសង្ស័យ​បាន​អូស​ម៉ូតូ​ចេញ​បម្រុង​ជិះ​គេចខ្លួន ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ត្រឡប់​មក​ពី​ដឹក​ម្តាយក្មេក​វិញ ​ឃើញ​ទាន់​ក៏​ស្រែក​ឆោឡោ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ជួយ​ដេញចាប់​បាន រួច​ប្រគល់​ឲ្យ​នគរបាល​ចាត់ការ​តែ​ម្តង។

ក្រោយ​ពេល​ត្រូវ​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើ​បាន​សារភាព​ប្រាប់​នគរបាល​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ទាំង​២​គ្រឿង​នេះ​ពិតប្រាកដ​មែន ហើយ​នគរបាល​កំពុង​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open