Detail Top Banner – Loto

រយៈពេល៨ថ្ងៃ សមត្ថកិច្ច បង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេស២៦ ករណី និងឃាត់ខ្លួន៦៩នាក់​ ដើម្បីចាត់ការតាមនីតិវិធី

រយៈពេល៨ថ្ងៃ គិតពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤​ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេសសរុប២៦ ករណី និងឃាត់ខ្លួនជនសង្ស័យ​៦៩នាក់​ ដើម្បីចាត់ការតាមនីតិវិធី។​ នេះបើយោងតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ​ លោក ទូច សុខៈ បានអោយដឹងថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងក្នុងភូមិសាស្ត្ររាជធានី-ខេត្ត​ ចំនួន៥ ដែលនៅភ្នំពេញបានកើតឡើង​ និងបង្ក្រាបបានច្រើនជាងគេ។ ក្នុងនោះ នៅរាជធានីភ្នំពេញ​ មាន២១ករណី​ ឃាត់ខ្លួន​៣៨នាក់ ខេត្ត​កណ្ដាល​១ករណី​ ឃាត់ខ្លួន​៣នាក់ ខេត្តកំពង់ស្ពឺ​២ករណី​ ឃាត់ខ្លួន​១៦នាក់ ខេត្តព្រៃវែង​១ករណី​ ឃាត់ខ្លួន​១១នាក់ និងខេត្តស្វាយរៀង​មាន១ករណី​ ឃាត់ខ្លួន​១នាក់។

លោក ទូច សុខៈ គូសបញ្ជាក់ថា សមត្ថកិច្ចជំនាញ បាននិងកំពុងធ្វើការជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្រោមការបញ្ជារផ្ទាល់ពីស្នងការនគរបាលរាជធានី​-ខេត្ត រហូតប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស ដោយបានដាក់ចេញវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងមិនដកដៃ។ ជាការសង្កេតឃើញថា​ ពួកគេបានបង្កើតជាក្រុមនៅតាមភូមិ ឃុំ សង្កាត់ និងគ្រឹះស្ថានអប់រំរដ្ឋ និងឯកជន ជាដេីម ធ្វើសកម្មភាពខុសសីលធម៌ និងផ្ទុយពីច្បាប់។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បញ្ជាក់ទៀតថា ករណីបង្ក្រាបក្មេងទំនើង គឺជាចំណុចអាទិភាពមួយ ដែលត្រូវដោះស្រាយនៅទូទាំងប្រទេស​ ក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលដាក់ចេញដោយលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ តាមទស្សនៈ «អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»។

លទ្ធផលនៃចំណាត់ការពីមួយសប្តាហ៍ទៅមួយសប្តាហ៍​ គឺត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោក ស សុខា ដោយលោក តែងក្រើនរំលឹក ភ្ជាប់នឹងការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច អាជ្ញាធរ ប្រជាការពារ និងតួអង្គពាក់ព័ន្ធទាំងអស់ ព្រមទាំងជំរុញបន្តឱ្យធ្វើការយ៉ាងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ ម្ចាស់ការតាមតួនាទីភារកិច្ច ដោយឆ្លើយតបឱ្យបានលឿនរហ័ស និងទាន់ពេលវេលាតបទៅនឹងបទល្មើសនានា៕May be an image of 1 person, newsroom and text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds