Detail Top Banner – Loto

ប្រធាននាយកដ្ឋាន ស្នើដល់សន្ដិសុខឯកជន ត្រូវសហការល្អជាមួយសមត្ថកិច្ច ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ពិសេសក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម

(ភ្នំពេញ)៖ ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានអំពាវនាវជាថ្មីដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ បន្ដកិច្ចសហការល្អជាមួយកម្លាំងមានសមត្ថកិច្ចនៅមូលដ្ឋាន ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ពិសេសក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាម ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ សំដៅបង្ការអំពើចោរកម្ម និងអគ្គិភ័យ។

ថ្លែងក្នុងពិធីបើកវគ្គបំប៉នជំនាញភ្ញាក់ងារសន្តិសុខឯកជន នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា ភ្នាក់ងារសន្តិសុខឯកជន ក៏បានដើរតួនាទីយ៉ាងសំខាន់ ជាកម្លាំងជំនួយដល់កងកម្លាំងមានសមត្ថកិច្ច ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា និងចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រកបដោយប្រសិទ្ធភាព។

ប្រធាននាយកដ្ឋានរូបនេះ ក៏បានស្នើដល់កម្លាំងភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នេះឲ្យមានប្រសិទ្ធភាពខ្ពស់ គឺត្រូវទប់សង្កាត់បទល្មើស និងរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ដើម្បីបង្ការទប់ស្កាត់បង្ក្រាបបទល្មើសឲ្យទាន់ពេលវេលា ជាពិសេសបទល្មើសគ្រឿងញៀន។ តម្រូវឲ្យមានកិច្ចសហការឲ្យបានល្អ ជាមួយសមត្ថកិច្ចមូលដ្ឋាន ត្រូវរាយការណ៍អំពីបទល្មើស និងសម្រួលដល់សមត្ថកិច្ច ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសតាមគោលដៅនីមួយៗ។ លោកថា វិស័យសន្តិសុខឯកជន គឺជាវិស័យមួយ ដែលមានការរីកចម្រើនយ៉ាងខ្លាំង ស្របតាមប្រទេសកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ។ វិស័យសន្តិសុខឯកជននេះ បានចូលរួមចំណែកក្នុងការថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។

លោកថា ដើម្បីឲ្យវិស័យសន្តិសុខឯកជន មានភាពរីកចម្រើន និងប្រកបដោយគុណភាព លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តែងតែមានការយកចិត្តទុកដាក់ខ្ពស់ និងគាំទ្រជានិច្ច ក្នុងគោលបំណងជំរុញឲ្យវិស័យសន្តិសុខឯកជន មានការរីកចម្រើន ដើម្បីចូលរួមថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសង្គមឲ្យបានល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds