Detail Top Banner – Loto

រដ្ឋមន្រ្តីបរិស្ថាន ផ្ដាំអ្នកទន្ទ្រានដីបឹងទន្លេសាប កុំគិតតែប្រយោជន៍ផ្ទាល់ខ្លួន បំភ្លេចប្រយោជន៍ជាតិ

សៀមរាប៖ ក្នុងសន្និសីទសារព័ត៌មានក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងបរិស្ថាន និងសហភាពអឺរ៉ុបនៅបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង នារសៀលថ្ងៃទី៣១ ខែកមរា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្ដាំទៅបុគ្គលដែលទន្ទ្រានកាប់ព្រៃលិចទឹក យកដីបឹងទន្លេសាបធ្វើជាកម្មសិទ្ធិ កុំគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយភ្លេចគិតដល់ប្រយោជន៍រួមរបស់ជាតិ។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កេតឃើញថា មានបញ្ហាប្រឈមសំខាន់ៗចំនួន៣ ដែលកំពុងបំផ្លិចបំផ្លាញនៅក្នុងបឹងទន្លេសាប ជាអាទិ៍ បញ្ហាភ្លើងឆេះព្រៃ បញ្ហាការទន្ទ្រានព្រៃយកដី និងបញ្ហាបម្រែបម្រួលអាកាសធាតុ។ លោ​ករដ្ឋមន្ត្រី ថា បឹងទន្លេសាប គឺជាឃ្លាំងស្ដុកសារធាតុប្រូតេអ៊ីនដ៏សំខាន់របស់កម្ពុជា ដែលមាន ន័យថា ជាកន្លែងនៃប្រភពត្រីចម្រុះរាប់រយប្រភេទសម្រាប់ជាតម្រូវការរបស់ប្រជាជនខ្មែររាប់លាននាក់ ជារៀងរាល់ឆ្នាំ។

លោកថា​ បើយកដី១ហិកតា ២ហិកតា ឬ១ពាន់ហិកតា ១ម៉ឺនហិកតា សម្រាប់តែក្រុមបុគ្គលប៉ុន្មាននាក់ ផ្ទុយទៅវិញ នឹងបំផ្លាញទៅដល់អនាគតប្រជាជនខ្មែររាប់លាននាក់ ដែលពឹងផ្អែកលើបឹងទន្លេសាបនេះ។ ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី បានចោទជាសំណួរថា «តើល្អទេនៅពេលដែលបានដី បានចំណូលតែសម្រាប់បុគ្គលប៉ុន្មាននាក់ហ្នឹង ហើយប្រជាជនខ្មែររាប់លាននាក់ បាត់បង់ប្រភពប្រូតេអ៊ីនរបស់ពួកគាត់?»។

លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់បន្តថា មិនត្រឹមជាឃ្លាំងស្ដុកសារធាតុប្រូតេអ៊ីនទេ តែការថែរក្សាការពារបាននូវ បឹងទន្លេសាប ដែលជាបឹងដ៏ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ប្រៀបបានដូចជាការរក្សាបាននូវកិត្តិយសរបស់ជាតិ រក្សាបានទ្រព្យសម្បត្តិដែលប្រទេសដទៃមិនមាន ហើយជាមួយគ្នានេះ បឹងទន្លេសាប ក៏អាចទាញជាផលប្រយោជន៍បម្រើឱ្យវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត។

លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់អ្នកដែលចង់បានដី ត្រូវគិតពិចារណាឡើងវិញ ដោយត្រូវគិតដល់ផលប្រយោជន៍រួមរបស់ជាតិជាធំ ជាងគិតត្រឹមប្រយោជន៍សម្រាប់ខ្លួនឯង តាមរយៈការជួយថែរក្សា អភិរក្ស និងការពារឱ្យបានជាដាច់ខាតធនធានធម្មជាតិដែលមានស្រាប់នេះ កុំឱ្យបាត់បង់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds