Detail Top Banner – Loto

មន្ទីរពេទ្យរុស្ស៊ីច្រានចោលព័ត៌មានដែលផ្សាយថាមន្ទីរពេទ្យបានទុកអ្នកជំងឺម្នាក់ចោលរហូតដល់ស្លាប់

មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬមន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីបំភ្លឺថ្មីមួយ ដោយបានច្រានចោលទៅលើករណីគណនីហ្វេសប៊ុកមួយឈ្មោះ SreyPich Thou (Laboon) និងវិទ្យុបារាំងអន្តរជាតិ RFI ដែលបានចុះផ្សាយខ្លឹមសារព័ត៌មានថា មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានទុកអ្នកជំងឺដែលឈឺធ្ងន់រហូតដល់ស្លាប់បាត់បង់ជីវិត។

មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០២៖៣៧នាទីរំលងអាធ្រាត្រ មានអ្នកជំងឺម្នាក់ឈឺធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារបញ្ជូនមកផ្នែកសង្រ្គោះបន្ទាន់។ គ្រានោះ ក្រុមគ្រូពេទ្យបានព្យាយាមជួយសង្រ្គោះអស់ពីលទ្ធភាព ក្រោយពីបានត្រួតពិនិត្យ និងវិភាគអមវេជ្ជសាស្រ្តទៅតាមលក្ខណៈបច្ចេកទេស ដើម្បីរកមូលហេតុឱ្យបានច្បាស់លាស់រួចមក លទ្ធផលបានបង្ហាញថា អ្នកជំងឺមានដាច់សរសៃឈាមខួរក្បាលបណ្ដាលឱ្យហូរឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ។

យោងតាមសេចក្ដីបំភ្លឺដដែល មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បញ្ជាក់ទៀតថា ក្រុមគ្រូពេទ្យផ្នែកសង្រ្គោះបន្ទាន់ បានពិភាក្សាជាមួយក្រុមគ្រូពេទ្យផ្នែកឯកទេសវះកាត់ខួរក្បាល និងបានពន្យល់អំពីស្ថានភាពធ្ងន់ធ្ងររបស់អ្នកជំងឺ ដែលហួសពីលទ្ធភាពក្នុងការជួយសង្រ្គោះតាមមធ្យោបាយវេជ្ជសាស្រ្តផ្សេងៗរួមទាំងការវះកាត់ខួរក្បាលផងដែរ។ ប៉ុន្តែក្រុមគ្រួសារអ្នកជំងឺបានសម្រេចចិត្តសុំយកអ្នកជំងឺទៅព្យាបាលបន្តនៅប្រទេសវៀតណាម។ បន្ទាប់មកក្រុមគ្រួសារអ្នកជំងឺបានទំនាក់ទំនងមកផ្នែករថយន្តសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យ ដើម្បីពិភាក្សាអំពីការបញ្ជូនអ្នកជំងឺបន្តទៅព្យាបាលនៅប្រទេសវៀតណាម ប៉ុន្តែក្រុមគ្រួសារអ្នកជំងឺបានសម្រេចចិត្តជ្រើសរើសយកសេវារថយន្តសង្គ្រោះបន្ទាន់ខាងក្រៅដោយខ្លួនឯង ហើយមន្ទីរពេទ្យបានសម្របសម្រួលអនុញ្ញាតឱ្យចេញទៅព្យាបាលបន្តនៅប្រទេសវៀតណាម៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds