សមាគមអភិរក្សដំរីខ្មែរ ស្នើសុំការគាំទ្របន្ថែមពីក្រសួងបរិស្ថាន លើសកម្មភាពអេកូទេសចរណ៍

(ភ្នំពេញ)៖ ដើម្បីជំរុញការផ្សព្វផ្សាយផ្សារភ្ជាប់ដំរី ធម្មជាតិ និងជនជាតិដើម ក្នុងគោលបំណងលើកកម្ពស់វិស័យអេកូទេសចរណ៍ ខេត្តរតនគិរី សមាគមអភិរក្សដំរីខ្មែរអៃរាវត្តាបានស្នើសុំការគាំទ្របន្ថែមទៀតពីក្រសួងបរិស្ថាន លើសកម្មភាពអេកូទេសចរណ៍ និងជួយផ្សព្វផ្សាយវិស័យនេះឱ្យកាន់តែទូលំទូលាយថែមទៀត។

ថ្លែងនៅក្នុងជំនូបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី ០៧ វិច្ឆិកា ឆ្នាំ២០២៣ លោកស្រី ក្លេខៃ ចិន្តា ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានអោយដឹងថា បច្ចុប្បន្នសមាគមអៃរាវត្តា មានដំរីចំនួន ៤ក្បាល ក្នុងនោះរួមមាន ដំរីញី១ក្បាល ឈ្មោល២ក្បាល និងកូនដំរីញី១ក្បាលទៀតឈ្មោះ ណូអែល ទេវី។ ជាមួយគ្នានេះ សមាគមអភិរក្សដំរីខ្មែរអៃរាវត្តាបានស្នើសុំការគាំទ្របន្ថែមទៀតពីក្រសួងបរិស្ថានលើសកម្មភាពអេកូទេសចរណ៍ និងជួយផ្សព្វផ្សាយវិស័យនេះឱ្យកាន់តែទូលំទូលាយថែមទៀត។

ឆ្លើយតបនឹងការលើកឡើងនេះ លោករដ្ឋមន្រ្តីសូមគាំទ្រការអភិវឌ្ឍសកម្មភាពអេកូទេសចរណ៍ និងជួយផ្សព្វផ្សាយវិស័យនេះក្រសួងបរិស្ថានសូមគាំទ្រទាំងស្រុង ហើយនឹងរៀបចំពិនិត្យមើលលទ្ធភាព ក្នុងការជួយជំរុញការអភិវឌ្ឍតំបន់ទេសចរណ៍ដោយរបៀបណា ទៅទិសដៅណា ហើយតភ្ជាប់តំបន់ទេសចរណ៍ធម្មជាតិណាខ្លះទៀត ដើម្បីតភ្ជាប់ជារបៀងទេសចរណ៍ធម្មជាតិផង និងបង្កើនវិសាលភាពតំបន់ទេសចរណ៍ធម្មជាតិ ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីបម្រើឱ្យវិស័យទេសចរណ៍កាន់តែមានភាពទាក់ទាញ។

សូមរម្លឹកជូនថា សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានបង្កើតឡើងក្នុងគោលបំណង លើកកម្ពស់ការងារបរិស្ថាន ធនធានធម្មជាតិ អប់រំស្រាវជ្រាវ វប្បធម៌ប្រពៃណីខ្មែរ ដោយផ្តោតលើការងារសំខាន់ចម្បងគឺជួយកិច្ចការអភិរក្សដំរីស្រុកនៅកម្ពុជាដែលប្រឈមនឹងការផុតពូជ, ជួយលើកកម្ពស់វិស័យអេកូទេសចរណ៍នៅក្នុងតំបន់ធនធានធម្មជាតិ និងបង្កាត់ពូជដំរីស្រុកឱ្យកើតកូនកើតចៅបានកាន់តែច្រើន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open