នាយករដ្ឋមន្រ្តីថៃគ្រោងនឹងទៅជួបលោកElon Muskពិភាក្សារឿងផលិតរថយន្តអគ្គិសនីTesla
នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin បានឱ្យដឹងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ថា លោកនឹងជួបលោក Elon Musk នៅក្រុងញ៊ូវយ៉ក សហរដ្ឋអាមេរិក ក្នុងអំឡុងពេលលោកចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។
លោក Srettha បញ្ជាក់ថា ជំនួបរវាងលោក និងលោក Elon Musk នឹងលើកឡើងអំពីឧស្សាហកម្មរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla និងអំពីគ្រាប់រ៉ុកកែតរបស់ក្រុមហ៊ុន SpaceX រួមទាំងផ្កាយរណបStarlink ផងដែរ។
រដ្ឋាភិបាលថៃ បាននឹងកំពុងផ្តល់ការលើកទឹកចិត្តយ៉ាងខ្លាំងចំពោះក្រុមហ៊ុនផលិតរថយន្តអគ្គិសនី និងអាគុយ ព្រមទាំងបន្ធូរបន្ថយពន្ធចំពោះអ្នកទិញរថយន្តប្រភេទនេះមកប្រើប្រាស់ផងដែរ។ លើសពីនេះ ជំនួបរវាងលោក Srettha និងលោក Elon Musk នេះ ក៏បង្ហាញពីការប្រកួតប្រជែងរវាងប្រទេសថៃ និងប្រទេសក្នុងតំបន់ផ្សេងទៀត ដូចជា ឥណ្ឌូណេស៊ី វៀតណាម និងម៉ាឡេស៊ី ដើម្បីអូសទាញក្រុមហ៊ុន Tesla មកដាក់រោងចក្រក្នុងប្រទេសខ្លួន។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD ដែលកំពុងលេចធ្លោខ្លាំង កំពុងសង់រោងចក្រនៅក្នុងប្រទេសថៃ ហើយគ្រោងប្រតិបត្តិការចាប់ពីឆ្នាំ២០២៤ ជាមួយសមត្ថភាពផលិត ១៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ។ ថ្មីៗនេះថៃក៏កំពុងចរចាជាមួយក្រុមហ៊ុនផលិតអាគុយដ៏ធំមួយរបស់ចិន គឺក្រុមហ៊ុន CATL ឱ្យចូលបណ្តាក់ទុនបង្កើតរោងចក្រក្នុងប្រទេស។ បច្ចុប្បន្នក្រុមហ៊ុនចិនមួយនេះ ពុំមានរោងចក្រនៅក្នុងតំបន់អាស៊ាននោះទេ។ ថៃ បានផ្តល់អាទិភាពក្នុងការគាំទ្រការវិនិយោគ ពោលគឺជាមូលធិនិ សម្រាប់រោងចក្រដែលមានសមត្ថភាពផលិតអាគុយ បានជាង ៨ជីហ្គាវ៉ាត់ម៉ោង។ ទំហំរោងចក្រប៉ុណ្ណេះ អាចទ្រទ្រង់អាគុយបំពាក់លើរថយន្តអគ្គិសនីបានជាង ១០ម៉ឺន ៦ពាន់គ្រឿង (ក្នុងករណីអាគុយមួយមានទំហំ ៧៥គីឡូវ៉ាត់ម៉ោង)៕