ទីក្រុងបាងកកតុបតែងជាពណ៌លឿងយ៉ាងរំលេច ត្រៀមខ្លួនរួចជាស្រេចដើម្បីអបអរដល់ពិធីគ្រងរាជសម្បត្តិជាផ្លូវការរបស់ស្តេចថ្មី
លំនៅស្ថាន និងអាគារនៅជុំវិញកោះ Rattanakosin ត្រូវបានគេតុបតែងជាពណ៌លឿងស្រស់ឆើតឆាយ មុនការមកដល់នៃព្រះរាជពិធីគ្រងរាជសម្បត្តិជាផ្លូវការរបស់ព្រះមហាក្សត្រថៃ។ នេះគឺជាលើកទីមួយហើយដែលក្រុងបាងកកបានស្វាគមន៍ព្រះមហាក្សត្រថ្មី ខណៈដែលពិធីគ្រងរាជសម្បត្តិរបស់អតីតព្រះមហាក្សត្រ Bhumibol Adulyadej មានតាំងពីថ្ងៃ ទី៧ ខែឧសភា ឆ្នាំ១៩៥០ មកម្ល៉េះ។ ដោយមានជំនួយ និងមូលនិធិពីសាលារាជធានី ដើម្បីជួសជុល និងរៀបចំឡើងវិញ រាល់អចលនទ្រព្យនៅតាមផ្លូវមើលទៅពិតជាថ្មី និងមានភាពរស់រវើក។
រូបគំនូររបស់ព្រះមហាក្សត្រថ្មីជាមួយនឹងប្រយោគ «សូមស្តេចមានព្រះជន្មាយុយឺនយូរ» អមដោយទង់ពណ៌លឿង ដែលតំណាងឱ្យនិមិត្តរូបរាជវង្សត្រូវបានគេមើលឃើញពេញទីក្រុងបាងកក។ ចំណែកអាគារចំណាស់មួយរបស់ក្រុង ក៏ត្រូវបានជាងតាំងលម្អជាមួយនឹងរូបព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រតាំងពីកុមារភាពរហូតដល់ទ្រង់ពេញវ័យចំនួន ២២សន្លឹក។ ខណៈអាគារនេះផ្ទាល់គឺជាស្ថាបត្យកម្មបន្សល់ពីបុរាណតាំងពីឆ្នាំ ១៨៩៦ វាកាន់តែធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមនុស្សរាល់គ្នា៕