មេទ័ពកម្ពុជា-ឡាវ ចរចាតាំងពីរថ្ងៃហើយ តែមិនទាន់ត្រូវគ្នា នឹងទុកឲ្យរដ្ឋាភិបាលទាំងពីរ ដោះស្រាយ ដើម្បីបញ្ជៀសការប៉ះទង្គិច
(ភ្នំពេញ)៖ ស្ថានភាពនៅតំបន់ព្រំដែនខេត្តព្រះវិហារ នៅចំណុចមុំបីនោះ មានស្ថានភាពធម្មតា ហើយលោកថា ពុំមែនជាការប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវឡើយ។ នេះបើតាមលោក ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោក បានប្រាប់សារព័ត៌មានក្នុងស្រុក នៅយប់ថ្ងៃទី២៣សីហានេះ។
លោកថា មេបញ្ជាការកងទ័ពកម្ពុជា-ឡាវ នៅតំបន់ព្រំដែននោះ បានជួបចរចាគ្នា តាំងពីរថ្ងៃហើយ ហើយនៅថ្ងៃទី២៣សីហានេះ ក៏បានជួបចរចាគ្នាបន្តទៀត ដើម្បីបញ្ជៀសការប៉ះទង្គិច។ តែមិនទាន់ត្រូវគ្នានៅឡើយទេ ហើយកងទ័ព ទុកលទ្ធភាពឲ្យរដ្ឋាភិបាលទាំងពីរ ដោះស្រាយ។
លោក ម៉ៅ ផល្លា ក៏បានបដិសេធថា ទាំងកម្ពុជា និងទាំងកងទ័ពឡាវ មិនមានបង្កើនកម្លាំងទ័ព ដូចការផ្សព្វផ្សាយនោះទេ។ មេបញ្ជាការកងទ័ពទាំងពីរ ក៏បានជួបចរចា ពិភាក្សាគ្នា តាំងពីមួយថ្ងៃពីរថ្ងៃមុន រហូតដល់ថ្ងៃនេះទៀត គឺយើងកំពុងចរចាគ្នា។ បើចរចា នៅតែមិនត្រូវគ្នា គឺយើងទុកលទ្ធភាពឲ្យរដ្ឋាភិបាលទាំងពីរ ដោះស្រាយ។
យ៉ាងណាក៏ដោយ លោក ម៉ៅ សុផាន់ បញ្ជាក់ថា ការឈរជើងនៅតំបន់មុំបីរវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ ដោយសារតែឡាវអះអាងថា តំបន់ព្រំដែននោះ ជាទឹកដីរបស់ខ្លួន ខណៈដែលកម្ពុជាយើង ក៏បានចាត់ទុកថា នៅចំណុចទន្លេរពៅ ក្នុងតំបន់មុំបី នៅស្រុកឆែប ខេត្តព្រះវិហារ ជាទឹកដីរបស់កម្ពុជាយើងដែរ៕
អត្ថបទ៖ សុខ លាភ