ឃាត់ខ្លួនថៅកែប្រាក់កម្ចីអនឡាញម្នាក់បញ្ជូនទៅសាលាតុលាការ ក្រោយបន្ទាប់មានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ

បន្ទាប់មានពាក្យបណ្ដឹង និងសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារក្រុមរកស៊ីកម្ចីប្រាក់តាមអនឡាញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នា២០២៤ បានឃាត់ខ្លួនបុរសជនជាតិម៉ាឡេស៊ីម្នាក់ជាថៅកែប្រាក់កម្ចីអនឡាញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីច្បាប់។

តាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ សីហានេះថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ TEE PAU ANN ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិម៉ាឡេស៊ី ជាថៅកែប្រាក់កម្ចីអនឡាញគ្មានច្បាប់អនុញ្ញាត។ ជនសង្ស័យបានចូលមកប្រទេសកម្ពុជាក្នុងកំឡុងឆ្នាំ២០១៩ ក្នុងគោលបំណងរកស៊ីកម្ចីប្រាក់តាមអនឡាញរហូតដល់បច្ចុប្បន្ន ដោយមានក្រុមការងារជាអ្នកទំនាក់ទំនងរកភ្ញៀវ។ លុះទំនាក់ទំនងរកបានអ្នកខ្ចីហើយ គឺជនសង្ស័យជាអ្នកចុះទៅពិនិត្យមើលដល់ទីតាំងផ្ទាល់ ថាគួរឲ្យ ឬមិនគួរឲ្យ ដោយកំណត់អាត្រាការប្រាក់ចន្លោះពី១៥% ទៅ១៨% ក្នុងរយ:ពេល២០ថ្ងៃ ដែលជាការបើកកម្ចីប្រាក់តាមអនឡាញដោយគ្មានច្បាប់អនុញ្ញាត និងផ្ទុយពីបញ្ញាត្តិមាត្រា៥៥ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

របាយការណ៍ដដែលបន្ថែមថា ក្នុងករណីភ្ញៀវមិនសង ឬមិនមានលទ្ធភាពសង គឺបុគ្គលនេះចុះទៅទារប្រាក់ផ្ទាល់ដល់ទីតាំងភ្ញៀវ ហើយក៏ជាអ្នកនាំបក្ខពួកជាជនជាតិខ្មែរទៅអុកឡុក ស្រែកឡូឡា តាមមុខផ្ទះ និងហាងរកស៊ីរបស់អ្នកខ្ចី ហើយថែមទាំងយករូបរបស់អ្នកខ្ចី និងអ្នកដែលសងប្រាក់រួចយកទៅបង្ហោះគំរាមបរិហារកេរ្តិ៍តាមបណ្ដាញសង្គម និងបានឆាតទៅគំរាមកំហែង បាចខិត្តប័ណ្ណតាមហាងមុខផ្ទះរបស់អ្នកខ្ចី ដែលសកម្មភាពនេះបង្ករឲ្យប្រជាពលរដ្ឋមានភាពភ័យខ្លាច និងធ្វើឲ្យមានភាពអនាធិបតេយ្យ និងបាត់បង់សណ្ដាប់ធ្នាប់សារធារណៈសង្គម។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំលឹកដល់សាធារណជន មេត្តាពិនិត្យពិចារណាអោយបានហ្មត់ចត់ មុនសម្រេចចិត្តក្នុងការខ្ចីប្រាក់តាមអនឡាញ ជាពិសេសសូមពិនិត្យថា តើអ្នកផ្តល់កម្ចីនោះមានស្ថាប័ន​កម្ចីស្របច្បាប់ដែរឬទេ មុននឹងសម្រេចចិត្តក្នុងការខ្ចី ជៀសវាងទទួលនូវហនិភ័យនានានៅពេលក្រោយ៕May be an image of 1 person and text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open